(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពី មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា (The Government-Donor Joint Technical Working Group on HIV/AIDS Meeting) លើកទី១ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។

កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍដឹកនាំដោយលោកទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំ (បារាំង) សមាជិក សមាជិកា​ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, CCC, KHANA, HACC, RHAC, FHI360, AHF, បណ្តាញ FONPAN) ព្រមទាំងតំណាងប្រជាជនគន្លឹះ។

កិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង គឺចង់ស្តាប់អំពីស្ថានភាពជំនួយអន្តរជាតិ ជាពិសេសការងារអេដស៍ ដែលសភាពការណ៍ពិភពលោកក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច មានសភាពមិនច្បាស់លាស់ ជាពិសេសផ្នែកហិរញ្ញប្បទានថា​ន តើមានការប្រែប្រួលបែបណា?

គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍។ ចំពោគោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១ (បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ទន្ទឹមនឹងនេះ ដោយសារ គោលនយោបាយជាតិក្នុងការរក្សាភាពជាម្ចាស់និងការធានាចីរភាព រហូតដល់ឆ្នាំ២០២៧កម្ពុជាយើងនៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដស៍សម្រាប់អ្នកជំងឺនោះទេ។ ក្នុងនោះ រាជរដ្ឋាភិបាលបាន ចូលរួមជាថវិកាចំនួន៥លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ព្រមទាំងថវិកា ប្រមាណ ១,៨៤លានដុល្លារក្នុង១ឆ្នាំលើការងារគាំពារសង្គម ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យ និងនៅថ្នាក់ក្រោមជាតិផងដែរ។

តាមរយៈបទបង្ហាញពីលោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ថវិកាជំនួយលើការងារអេដស៍នៅកម្ពុជាគឺបានមកពី មូលនិធិសកល និង USAID/USCDC របស់សហរដ្ឋអាម៉េរិក។ ក្នុងនោះជំនួយពីសហរដ្ឋអាមេរិកបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វិញបន្ទាប់ពីផ្អាកមួយរយៈ។ ប៉ុន្តែការអនុវត្តគម្រោងគឺបានត្រឹមខែកញ្ញា ឆ្នាំ២០២៥ប៉ុណ្ណោះ។

ថវិកាជំនួយពីមូលនិធិសកលក៏បានបញ្ជាក់អំពីការកាត់បន្ថយថវិកាពី ៣០% ទៅ៥០% នៅជុំបន្ទាប់ គឺពីឆ្នាំ២០២៧។ ចំពោះការធានាចីរភាពក្នុងឆ្លើយតបនឹងជំងឺអេដស៍ កិច្ចប្រជុំបានលើកឡើងអំពីការបង្កើនប្រសិទ្ធភាពនិងការធ្វើឱ្យមានសុខដុមនីយកម្មការងារ ព្រមទាំងការធ្វើចលនាប្រភពធនធាន។​

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី អៀង  មូលី ក៏បានប្រកាសជូនអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS នៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៥ និងការចូលរួមផ្តល់ថវិកាជានិមិត្តរូបនៃសាមគ្គីធម៌អន្តរជាតិរបស់កម្ពុជាជូនអង្គការ UNAIDS ដោយសម្តេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា៕