(សៀមរាប)៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) គាំទ្រសហគ្រាសជលផលក្រោយប្រមូលផល និងដៃគូអាជីវកម្ម ធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម តាមរយៈការកសាងសមត្ថភាព ការកែលំអហេដ្ឋារចនាសម្ព័ន្ធកែច្នៃ ការធ្វើទំនើបកម្មសម្ភារបរិក្ខារ បច្ចេកវិទ្យាកែច្នៃ ការអនុវត្តស្ដង់ដារសុវត្ថិភាពម្ហូបអាហារ ការធ្វើតេស្តផលិតផល និងការផ្សារភ្ជាប់ទីផ្សារជាដើម។

កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីជំរុញវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង និងមានគុណតម្លៃបន្ថែមតាមរយៈការរួមបញ្ចូលនូវកញ្ចប់មូលនិធិរបស់គម្រោង ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលមានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហវិនិយោគផ្ទាល់ពីសហគ្រាស ប្រកបដោយបរិយាបន្ន និងចីរភាព។ បន្ថែមពីនេះ កម្មវិធីនេះក៏គាំទ្រផ្នែកបច្ចេកទេសដូចជាការអភិវឌ្ឍន៍ផែនការអាជីវកម្ម ការអនុវត្តសុវត្ថិភាពម្ហូបអាហារ ការផ្គូផ្គងធុរកិច្ច និងជំរុញការនាំចេញជាដើម។

ជាមួយគ្នានេះ លោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានលើកទឹកចិត្តដល់សិប្បកម្ម និងសហគ្រាសជលផលក្រោយប្រមូលផលទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំកញ្ចប់គាំទ្រ ISF ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) ឱ្យបានច្រើន ដើម្បីបង្កើនការកែច្នៃផលផលិតផលជលផលរបស់ខ្លួន ស្របតាមស្ដង់ដារម្ហូបអាហារ និងបង្កើនទំនុកចិត្តអតិថិជន។

លោកអគ្គនាយក បានបង្ហាញពីសារប្រយោជន៍ជាច្រើន ដែលសហគ្រាសនឹងទទួលបាន តាមរយៈការចូលរួមក្នុងកម្មវិធី ISF ដែលជាការរួមបញ្ចូលនូវកញ្ចប់មូលនិធិគាំទ្រជាសម្ភារបរិក្ខារ ពីគម្រោង CAPFISH-Capture របស់អង្គការ UNIDO និងរដ្ឋបាលជលផល ប្រាក់កម្ចីដែលមានការធានាពី CGCC និងសហវិនិយោគផ្ទាល់ពីសហគ្រាស៕