(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានការបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញក្នុងការពន្លឿនសេវា និងគួរងាកមកប្រើប្រាស់តាមឌីជីថលឱ្យបានច្រើនជាងមុន។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាសេវារបស់រដ្ឋមានជាង ៣ពាន់សេវា ដែលពេលខ្លះតម្រូវការឯកសារមានការជាន់គ្នា ដូចជាសេវាខ្លះតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ខណៈដែលជាក់ស្ដែងឯកសារទាំងនេះមិនត្រូវការនោះទេ។ សម្តេច បានថ្លែងបន្តថា​ «ប្រសិនជាយើងនៅតែបែបនេះ យើងមិនអាចដើរលឿនទេ»

ការណ៍នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា «រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធីរបៀបរបបការងារយើង មិនទំនើបកម្មឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ បើរចនាសម្ព័ន្ធណាត្រូវរក្សាដដែលៗចុះ តែកែសម្រួលនីតិវិធី ដើម្បីធ្វើអី? គឺពន្លឿន»

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា តួយ៉ាងដូចក្រសួងពាណិជ្ជកម្ម ដែលសម្តេចបានជ្រាបថាតម្លៃសេវាកន្លែងខ្លះមានការកើនឡើងជាងអាណត្តិមុនផង ដែលតម្រូវឱ្យពិនិត្យឡើងវិញឱ្យច្បាស់។

សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា៖ «យើងធ្វើកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងចុះ មិនឱ្យកើនទេ ត្រូវពិនិត្យមើលទាំងផ្លូវការ ទាំងក្រៅផ្លូវការ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ ត្រូវកាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយប្រើតាមឌីជីថលឱ្យបានច្រើន...»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កន្លែងខ្លះយើងដាក់បំពេញតាមអនឡាញតែម្ដង ហើយឥឡូវយើងដាក់ CamDX ឯកសារដាក់តែម្ដងស្កេន QR ចូល គឺក្រសួងស្ថាប័នទាំងអស់ចែកគ្នា ជាជាងគាត់រត់ទៅ១០កន្លែង»

សម្តេច បានមានប្រសាសន៍បន្តថា សេវាជាង៣ពាន់កន្លែងនេះ សម្តេច សង្ឃឹមថាក្រុមការងារដែលបានជជែក រកវិធីយ៉ាងម៉េចដើម្បីកែសម្រួលកាត់នីតិវិធីស្មុគស្មាញចេញ កាត់ដំណាក់កាលដែលមិនចាំបាច់ចេញ ដើម្បីពន្លឿនការផ្ដល់សេវាដល់ប្រជាពលរដ្ឋ៕