(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកនេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារចំនួន ១ខ្នង កម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, លោក វីលៀមហៅស្វីត ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិអង្គការ មណ្ឌល ថែទាំសុខភាពកុមារចេនឡា រួមទាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគីរី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើនទៀត។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា អគារដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ថ្មីមួយទៀត ដើម្បីបម្រើសេវាសុខាភិបាល ជូនដល់កុមារកម្ពុជា ប្រកបដោយស័ក្តិសិទ្ធិភាពដល់កុមារកម្ពុជា ជាពិសេសកុមារ និងទារកនៅមូលដ្ឋានខេត្តក្រចេះ។
លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ទៀតថា «វិស័យសុខាភិបាល រីកចម្រើនទៅបាន គឺត្រូវមានការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្ដែនៅថ្ងៃនេះ ក្នុងនាមក្រសួងសុខាភិបាល និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានចូលរួមពង្រឹងសមត្ថភាពវិស័យសុខភាពសាធារណៈនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ក្នុងការថែទាំកុមារមានជំងឺ និងរបួសធ្ងន់ធ្ងរ ស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល ឆ្លើយតបតាមតម្រូវការសេវារបស់ប្រជាជន ពិសេសផ្នែកជំងឺទារក និងកុមារ និងបានជួយសាងសង់អគារផ្នែកជំងឺកុមារចំនួន ១ខ្នង មានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានចំណាយថវិកាសរុបចំនួន ៩៤,៥៥៦០ ដុល្លារ»។
ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានថ្លែងអរគុណដល់លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ សម្រាប់រុះរើអគារចាស់ និងបន្ថែមគ្រឹះក្រោមអគារថ្មីផ្នែកជំងឺកុមារនេះ។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានឧបត្ថម្ភគាំទ្រដល់មន្ទីរសុខាភិបាលខេត្តក្រចេះ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
លោកជឿជាក់ថាអគារនេះនឹងបម្រើសេវាយ៉ាងសកម្មចូលរួមកាត់បន្ថយអត្រាមរណភាពទារក និងកុមារដោយផ្ដល់នូវការព្យាបាលជំងឺកុមារសម្រាប់កុមារនិងទារកក្នុងខេត្តក្រចេះ និងបណ្តាខេត្តនានាជាពិសេសផ្តល់ភាពងាយស្រួល និងរុញសេវាបានជិតបងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាខេត្តនៅភូមិភាគឦសានដែលពីមុនធ្លាប់តែឆ្ងាញ ប៉ុន្តែឥឡូវនេះ បានកៀកជិត និងប្រកបដោយជំនឿទុកចិត្តខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាញទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទៀតដូចពីមុន។
សូមជម្រាបថាអគារផ្នែកជំងឺកុមារថ្មីខាងលើនេះ ត្រូវបានសាងសង់ឡើងដោយគម្រោងរបស់អង្គការមណ្ឌលថែទាំសុខភាពកុមារ ចេនឡា ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ ទទឹងប្រវែង ១៤ម៉ែត្រ និងមានគ្រឹះក្រោមអាចសាងសង់បាន ៥ជាន់ នៅពេលខាងមុខ ដែលបច្ចុប្បន្នយើងសាងសង់កម្ពស់ ២ជាន់ បានសាងសង់មានរយៈពេល ៨ខែ ចាប់ពីខែឧសភា ឆ្នាំ២០២៤ ដល់ដើមខែមករា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៩៤៥,៥៦០ដុល្លារ។
ជាន់ទី១៖ មានបន្ទប់ពិគ្រោះចំនួន ៣បន្ទប់, បន្ទប់គ្រូពេទ្យ១បន្ទប់, បន្ទប់បើកឱសថ ១បន្ទប់, បន្ទប់សង្គ្រោះបន្ទាន់ ១បន្ទប់ មាន៣គ្រែ, បន្ទប់សម្រាប់ជំងឺធ្ងន់ ១បន្ទប់, មាន១០គ្រែ, មានកន្លែងរងចាំ និងបន្ទប់សម្រាប់ផ្លាស់សម្លៀកបំពាក់។ ជាន់ទី២៖ ផ្នែកសម្រាកពេទ្យមួយបន្ទប់ ៣៥គ្រែ, ផ្នែកថែទាំ និងព្យាបាល ២បន្ទប់ស្មើនឹង ២០គ្រែ, ក្រៅពីនេះមានបន្ទប់សម្រាប់បុគ្គលិក, បន្ទប់សម្ភារបរិក្ខាពេទ្យ, បន្ទប់ប្រជុំ និងបណ្ដុះបណ្ដាល៕