(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំឲ្យតាមក្រសួង ស្ថាប័ន ធ្វើស្ថិតិមន្ត្រីរបស់ខ្លួន ខណៈថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងរៀបចំប្រព័ន្ធ Digital ដើម្បីគ្រប់គ្រងមន្ត្រីឲ្យច្បាស់លាស់។

ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា ប្រសិនបើរាជរដ្ឋាភិបាលមិនអាចគ្រប់គ្រងទិន្ន័យមន្រ្តីរាជការបានទេ ច្បាស់ណាស់នឹងមានផលលំបាកជាច្រើនកើតឡើង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យពង្រឹងការជំរឿនមន្រ្តីឲ្យបានច្បាស់លាស់ ដូចកាលពី១០ឆ្នាំមុនខ្ញុំចាំមិនច្បាស់ទេ ប៉ុន្តែយើងមិនបានជុំរឿនមន្រ្តីម្ដងទៀតទេ ឥឡូវពេលខ្លះមនុស្សនៅក្នុងបញ្ជី នៅក្នុងក្រសួងស្ថាប័ននេះ តែមនុស្សធ្វើការជាក់ស្ដែងនៅទីនោះរួចទៅហើយ សូមឲ្យធ្វើការជំរឿនមន្រ្តីហើយរៀបចំការប្រព័ន្ធ Digital ឲ្យច្បាស់»

បើតាមប្រសាសន៍របស់ សម្ដេចមហាបវរធិបតី, បច្ចុប្បន្ននេះ ដល់ខែនៅតាមក្រសួងស្ថាប័ន ទម្លាក់ATMដល់មន្រ្តីទាំងអស់ ប៉ុន្តែមិនដឹងថា មន្រ្តីរបស់ខ្លួននៅឯណានោះទេ ដូច្នេះការផ្ទេរមន្រ្តីមិនអាចផ្គត់ផ្គង់បានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា នៅតាមក្រសួង-ស្ថាប័ន និងមន្រ្តីថ្នាក់ក្រោមជាតិនីមួយៗ ត្រូវត្រៀមលក្ខណៈផ្ទៃក្នុង ដើម្បីធ្វើជំរឿនមន្រ្តីខ្លួនឯងឲ្យបានច្បាស់លាស់។

ថ្លែងក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ អភិបាលខេត្តនីមួយៗត្រូវដឹងថា នៅក្នុងខេត្តរបស់ខ្លួនមានមន្រ្តីប៉ុន្មាន នៅក្នុងសាលានេះមានគ្រូប៉ុន្មាន និងនៅក្នុងមន្ទីរពេទ្យនេះមានគ្រូពេទ្យប៉ុន្មាន ជាពិសេស ត្រូវក្ដោបទិន្ន័យឲ្យជាប់ចំពោះ មន្រ្តីដែលបានផ្លាស់ប្ដូរ និងពិនិត្យមើលមន្ត្រីមានសមត្ថភាពយកទៅប្រើប្រាស់ឲ្យចំជំនាញរបស់គាត់៕