(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុមដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតីអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំនេះឯកឧត្តម ឃួន ស្រេង សូមបញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សូមរៀបចំធ្វើដូចជារាល់ឆ្នាំ»។
សម្ដេចមហាបវរធិបតីបានបន្ថែមថា ចំពោះការបញ្ចេញរថយន្ដដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើននេះ តាមការដឹងឃើញថា បានជួយសន្សំប្រាក់ប្រជាពលរដ្ឋយ៉ាងច្រើន ជាក់ស្ដែងដូចប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគីរី ពីភ្នំពេញទៅមណ្ឌលគីរី ត្រូវចំណាយប្រាក់ចន្លោះពី៨-១០ម៉ឺនរៀល ឬច្រើនជាងនេះ ហើយចំពោះអ្នកខ្លះត្រូវទៅទាំងគ្រួសារ ដូច្នេះអាចចំណាយខ្ទង់១០០-២០០ដុល្លារ ប៉ុន្ដែនៅពេលដែលមានរថយន្ដក្រុង ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃបែបនេះ គឺបានជួយសន្សំប្រាក់ដល់ពួកគាត់យ៉ាងច្រើន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ឆ្នាំទៅមិញយើងបានដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើនសែននាក់ ដើម្បីទៅស្រុកកំណើត ខ្ញុំពិតជាអរគុណច្រើនណាស់ ចំពោះការរៀបចំនាពេលកន្លងមក ដូច្នេះសម្រាប់ឆ្នាំនេះ សូមបន្ដរៀបចំបន្ថែមទៀត ទោះជាបានតិច ឬបានច្រើន យើងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឆ្នាំនេះយើងនៅតែបន្ដការដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ដោយជិះរថយន្តក្រុងសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃបន្ដទៅទៀត»៕