(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា បន្ទាប់ពីឆ្លងកាត់ការប្រឡង៤២លើក ពាក់ព័ន្ធក្រសួង ស្ថាប័ន ចំនួន៨ បានស្ដែងឲ្យឃើញថា ការធ្វើកំណែទម្រង់ក្នុងការប្រលងជ្រើសរើសមន្ត្រីរាជការ ទទួលបានការសាទរយ៉ាងខ្លាំងពីបេក្ខជនប្រលង និងអាណាព្យាបាល។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការប្រលងជ្រើសរើសមន្ត្រីនាពេលកន្លងទៅ បើគ្មានភាពយុត្តិធម៌ទេ នោះបេក្ខជនចូលរួមប្រលងប្រមាណ១២ម៉ឺននាក់ នឹងផ្ទុះការប្រតិកម្មជាក់ជាមិនខានឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឡងបាន៤២លើក ក្នុងនោះពាក់ព័ន្ធ៨ក្រសួងស្ថាប័ន បេក្ខជន២០,០០០នាក់ ជ័យលាភីយកតែ៤,១៩៧នាក់ទេ ខ្ទង់១១ម៉ឺននាក់ត្រូវធ្លាក់ ប៉ុន្តែ១១ម៉ឺននាក់នេះធ្លាក់ដោយអស់ចិត្ត គឺគ្មានអ្នកណាចេញមកប្រាប់ថា កាលប្រឡងនេះ ខ្ញុំធ្លាក់ដោយសារអ្នកនេះចេះ អ្នកនោះចុះនោះទេ​។ ហើយខ្ញុំគ្មានអស់អីមួយរៀលពឹងអ្នកណាទេ។ នេះហើយគឺអ្វីដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចធ្លាប់បានចូលរួមក្នុងការដឹកនាំការប្រឡងរើសនាយទាហ៊ាន ដូច្នេះសម្ដេចដឹងថាត្រូវតាមដានមើល ៣ដំណាក់កាល ក្នុងនោះរួមមាន៖

*ដំណាក់កាលទី១៖ គឺមុនប្រឡង ថាតើលេចវិញ្ញាសារ ឬអត់? ព្រោះធ្លាប់មានមុនប្រឡងវិញ្ញសារពេញតាមហ្វេសបុករួចទៅហើយ។

*ដំណាក់កាលទី២៖ ពេលប្រឡងមានសភាពការណ៍អ្វីឬទេ?

*ដំណាក់កាលទី៣៖ សំខាន់ជាងគេថាតើពេលប្រឡងរួចមានប្រតិកម្មឬអត់? ព្រោះសម័យនេះប្រជាពលរដ្ឋ ជាពិសេសយុវជនគាត់អត់ខ្លាចក្នុងការនិយាយនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងដំណើរការប្រឡង អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់ការទៅលើមន្ដ្រី ទៅលើបេក្ខជនមួយចំនួនតិចបំផុត។ ដោយឡែក ផ្អែកតាមការសម្ភាសជាមួយឪពុកម្ដាយ គឺមានការប្រឡង២តង់ អ្នកដែលជាប់មួយតង់នៅពេលជូនកូនមកបានលើកឡើងថា ទោះបីកូនធ្លាក់តង់ទី២ ក៏ដោយក៏សប្បាយចិត្តដែរ ព្រោះតង់ទី១ យកតែ៨០០នាក់ ក្នុងចំណោមបេក្ខជនប្រឡង៣,០០០នាក់។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដល់ ក្រសួងមុខងារសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងស្ថាប័នសាមីដែលធ្វើកិច្ចការងារនេះ រួមជាមួយបងប្អូនទាំងអស់ដែលស្ម័គ្រចិត្តដែលចូលរួមនៅក្នុងដំណើរការនេះរហូតបានជោគជ័យ៕