(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីការធ្វើកំណែទម្រង់របស់កម្ពុជា ដែលយកអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយកម្ពុជាមិនជ្រើសរើសវិធីសាស្ត្រ «បង្រួមដើម្បីពង្រឹង»នោះទេ។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។

សម្តេចបានបញ្ជាក់ថា៖ «យើងមានអភិក្រមដែលត្រូវធ្វើ ដោយអភិក្រមទី១ ពង្រឹងជាជាងពង្រីក, ទី២ រៀបចំផ្ទះឱ្យរៀបរយ»។ សម្តេចបានបន្តថា អភិក្រមពង្រឹងជាជាងពង្រីក គឺពិនិត្យទៅលើ រចនាសម្ព័ន្ធអង្គភាព កែសម្រួលយ៉ាងណាកុំឲ្យប៉ោង កុំឲ្យជាន់គ្នា សម្រួលតួនាទីភារកិច្ចយ៉ាងណាបង្រួម ដែលត្រូវរៀបចំធ្វើយ៉ាងណាឲ្យបានល្អ។ ចំណែក ការរៀបចំផ្ទះឲ្យរៀបរយ គឺការពិនិត្យរៀបចំមន្ត្រី កុំឲ្យជាន់តួនាទីការងាររបស់ក្រសួងស្ថាប័ន។

បើតាមសម្ដេចធិបតី ​ហ៊ុន ម៉ាណែត, មានប្រទេសយ៉ាងហោចណាស់៦ បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយក្នុងនោះមានសហរដ្ឋអាមេរិក អង់គ្លេស អាសង់ទីន ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ជាដើម។ អាមេរិកក្នុងរដ្ឋបាលដូណាល់ ត្រាំ បាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដឹកនាំដោយមហាសេដ្ឋី Elon Musk ដែលរយៈពេលជាងមួយខែមកនេះបានកាត់មន្ត្រីជាង២០ម៉ឺននាក់រួចទៅហើយ ឥឡូវកំពុងពិចារណាលុបចោលក្រសួងអប់រំមួយទៀត។ ចំណែកប្រទេសអង់គ្លេស ទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុន កាត់បន្ថយអង្គភាពក្រោមស្ថាប័នសេវាសុខភាពជាតិ ចំនួន៥០%។ ចំណែកប៉ាគីស្ថាន រដ្ឋាភិបាលសហព័ន្ធគ្រោងកាត់បន្ថយមន្ត្រី១៥ម៉ឺននាក់។ ម៉ាឡេស៊ីលុប៣ក្រសួងបង្រួម៧ក្រសួង ដាក់មន្ត្រីចូលនិវត្តន៍មុនការកំណត់ជាង៣ម៉ឺននាក់ រីឯប្រទេសវៀតណាមវិញកាត់បន្ថយ៣០ក្រសួងស្ថាប័ន កែសម្រួលថ្នាក់ក្រោមជាតិ ក្នុងគោលដៅកាត់បន្ថយមន្ត្រី១០ម៉ឺននាក់ ដោយគ្រោងលុបស្រុកចោលតែម្ដងទុកតែឃុំនិងខេត្តប៉ុណ្ណោះ ខណៈដែលអាសង់ទីនប្រកាសកាត់មន្រ្តី៧ម៉ឺននាក់

សម្តេចបានបញ្ជាក់ថា «បទពិសោធន៍ប្រទេសផ្សេងៗនេះគឺបង្រួមដើម្បីពង្រឹង កាត់ម្ដងពាក់កណ្ដាលតែម្ដងដើម្បីពង្រឹង។ ឥឡូវសួរថាកម្ពុជាយកអភិក្រមណា កម្ពុជាយើងមានម៉ូឌែលខុសពីប្រទេសគេ យើងមានឯករាជ្យភាពរបស់យើងផ្អែកទៅលើប្រសិទ្ធភាពក្រសួងស្ថាប័ន ប្រសិទ្ធភាពនៃកំណែទម្រង់...អញ្ចឹងវិធីសាស្ត្រនៃអភិក្រមរបស់កម្ពុជាគឺពង្រឹងជាជាងពង្រីក យើងអត់បង្រួមដើម្បីពង្រឹងទេ»

សម្តេចបានបន្តថា ពង្រឹងជាជាងពង្រីកនេះ យើងមិនធ្វើក្របខ័ណ្ឌថ្នាក់ជាតិ ដែលថាត្រូវកាត់ក្រសួងកាត់អីនោះទេ ក្រសួងស្ថាប័នយើងនៅរក្សាដដែល ប៉ុន្តែយើងពង្រឹងថ្នាក់ក្រសួងស្ថាប័ន ក្រសួងស្ថាប័ននីមួយៗត្រូវធ្វើការវិភាគមុខងារ និងកែសម្រួលខ្លួនឯង៕

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖