(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រមរបស់សម្ដេចមហាបវធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា។

ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានចូលរួមដោះស្រាយបញ្ហា «លើសតែខ្វះមន្ត្រី» ក៏ដូចជាផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រមរបស់សម្ដេចមហាបវធិបតី គឺ «ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត» ដែលជាកត្តាផ្ដល់ក្ដីសង្ឃឹម និងភាពជឿជាក់ដល់យុវជនវ័យក្មេងរបស់កម្ពុជា»

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ដទៀតថា ក្រសួងមុខងារសាធារណៈ ក៏កំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ តាមក្រសួងស្ថាប័ន ជាពិសេសវិស័យអប់រំសុខាភិបាល នៅមូលដ្ឋាន ដើម្បីទទួលទិន្នន័យសុក្រឹត ដែលជាមូលដ្ឋាន មិនអាចខ្វះបាន ក្នុងការវាយតម្លៃស្ថានភាព ខ្វះនិងលើសមន្ត្រី និងជាមូលដ្ឋានក្នុងការរៀបចំ ផែនការជ្រើសរើស និងពង្រាយមន្ដ្រីឈានទៅសម្រេចឲ្យបាន នូវអភិក្រមរបស់សម្ដេចមហាបវធិបតី គឺ «រើសឲ្យចំ​ បំពេញឲ្យត្រូវ និងរក្សាឲ្យនៅ»

គូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួល រៀបចំការប្រឡងជ្រើសរើសមន្ត្រី​រាជការ​ស៊ីវិល ផ្អែកលើគោលការណ៍ថ្មី និងផ្អែកលើនិយាមនីតិវិធីប្រតិបត្តិនៃការ ប្រឡងចំនួន៨ក្រសួង សរុប៤២លើក នៃការប្រឡង និងមានបេក្ខជនដាក់ពាក្យចូលរួមការប្រឡងប្រមាណ១២ម៉ឺននាក់។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការប្រឡងជ្រើសរើសមន្ត្រីនាពេលកន្លងទៅ បើគ្មានភាពយុត្តិធម៌ទេ នោះបេក្ខជនចូលរួមប្រលងប្រមាណ១២ម៉ឺននាក់ នឹងផ្ទុះការប្រតិកម្មជាក់ជាមិនខានឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឡងបាន ៤២លើក ក្នុងនោះពាក់ព័ន្ធ៨ក្រសួងស្ថាប័ន បេក្ខជន១២០,០០០នាក់ ជ័យលាភីយកតែ ៤,១៩៧នាក់ទេ ខ្ទង់១១ម៉ឺននាក់ត្រូវធ្លាក់ ប៉ុន្តែ១១ម៉ឺននាក់នេះធ្លាក់ដោយអស់ចិត្ត គឺគ្មានអ្នកណាចេញមកប្រាប់ថា កាលប្រឡងនេះ ខ្ញុំធ្លាក់ដោយសារអ្នកនេះចេះ អ្នកនោះចុះនោះទេ​។ ហើយខ្ញុំគ្មានអស់អីមួយរៀលពឹងអ្នកណាទេ។ នេះហើយគឺអ្វីដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត»