(កំពង់ឆ្នាំង)៖ អនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង, កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោយចាប់រំលោភ និងគំរាមសម្លាប់ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ ដែលជាឈ្មួលបម្រើ។
ជនល្មើសឈ្មោះ ប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ បង្ខាំងមនុស្សខុសច្បាប់ និងគំរាមសម្លាប់» កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅក្នុងពាក្យបណ្តឹងក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាអ្នកបំរើការងារនៅផ្ទះរបស់ជនល្មើស។ ធ្វើការបានរយៈពេលកន្លះខែឈ្មោះ ប៉ាង គឹមចាន់ បានដូរឲ្យក្មេងស្រីរងគ្រោះទៅជួយលក់កាហ្វេគាត់នៅតូប មួយទៀត។
ក្រោយមកក៏បានដកក្មេងស្រីរងគ្រោះ មកឲ្យជួយលក់ភីហ្សានៅផ្ទះស្ថិតនៅភូមិកំពង់ប្រាសាទវិញ ទើបនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ទៀបភ្លឺ ខណៈក្មេងស្រីរងគ្រោះកំពុងតែដេកនៅលើគ្រែក្រៅបន្ទប់ក្នុងផ្ទះ ក៏ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានចេញមកចរចាឲ្យកុមារី១០០ដុល្លារ ជាថ្នូរនិងការំលោភតែកុមារីមិនព្រម ទើបជនសង្ស័យចាប់រំលោភរហូតបានសម្រេច។ ពេលរំលោភរួច ជនសង្ស័យបាននិយាយថា ក្មួយឯងកុំនិយាយ ប្រាប់គេ បើក្មួយមិននិយាយក៏អត់មានអ្នកណាដឹងឡើយ។ តែបើហ៊ាននិយាយ ពូនឹងសម្លាប់ចោល។
៥ថ្ងៃក្រោយទៀតជនសង្ស័យ ក៏បានរំលោភកុមារីរងគ្រោះលើកទី២ ហើយនិយាយគំរាមដូចខាងលើ។ លុះព្រឹកឡើងពេលក្មេងស្រី កំពុងអង្គុយលាងចាន និងកែវ ពេលនោះស្រាប់តែជនសង្ស័យ បានយកលុយមកបោះឲ្យ ក្មេងស្រីរងគ្រោះចំនួន២០ម៉ឺនរៀល។ មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនសង្ស័យ បាត់លុយ២០ម៉ឺន ទើបបែករឿងប្តីចាប់រំលោភកូនឈ្នួល។
នៅពេលដែលបានដឹងហើយ, ប្រពន្ធជនសង្ស័យក៏បានហាមជនរងគ្រោះមិនឲ្យនិយាយប្រាប់អ្នកណាឡើយ។ ចំណែកលុយចំនួន២០ម៉ឺនរៀលនោះ ប្រពន្ធជនសង្ស័យ បានដកហូតទៅវិញបាត់ទៅ។ ដោយខ្លាចការគំរាមកំហែង ពីជនខាងលើ កុមារីរងគ្រោះស៊ូទ្រាំបន្តធ្វើការងាររហូតគ្រប់មួយខែ ដើម្បីសុំបើកលុយ។
លុះរហូតដល់ថ្ងៃបើកប្រាក់ខែគឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបកុមារីប្រាប់ថៅកែថា សុំឈប់ធ្វើការហើយ។ ពេលមកដល់ផ្ទះ ក៏និយាយពីដំណើររឿងប្រាប់ម្តាយ ហើយម្តាយក៏បានដាក់ពាក្យបណ្តឹងតែម្តង។
ក្រុមគ្រួសារកុមារីរងគ្រោះ សំណូមពរឲ្យតុលាការកំពង់ឆ្នាំង អនុវត្តផ្លូវច្បាប់លើជនល្មើសឲ្យតឹងរឹងបំផុត។ សូមបញ្ជាក់ថា ជនសង្ស័យ ក៍ធ្លាប់បានតុលាផ្តន្ទាទោស ដាក់ពន្ធនាគារផងដែរកាលពីពេលកន្លងទៅ តែជាករណីផ្សេង៕