(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់បណ្ណសរសើរ ដល់ ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន បានថ្លែងថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែកមួយ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ និងបានលើកកម្ពស់តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឱ្យមានប្រសិទ្ធភាពជាពិសេសបានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់អំពើអបាយមុខផ្សេងៗ ក្មេងទំនើង គ្រឿងញៀន។

លោកបានថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែលបានខិតខំក្នុងការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តខិតខំ អនុវត្តការងារជាបន្តទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា នៅពេលខាងមុខនេះខេត្តកំពង់ធំ នឹងរៀបចំសង្ក្រានកំពង់ធំ ឱ្យធំជាងឆ្នាំមុន ដែលមានកន្លែងស្អាតៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលលេងសង្ក្រានកំពង់ធំ ដែលតម្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ អនុវត្តការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យមានសុវត្ថិភាព។

សូមបញ្ជាក់ថា ភូមិ ឃុំ សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ចំណាក់ថ្នាក់លេខ១ មានចំនួន ៧៦ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន ៥ឃុំសង្កាត់៕