(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ ស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តបន្ទាយមានជ័យ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើស ឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកជាថ្មី ដល់កម្លាំងនគរបាលការពារព្រំដែន ត្រូវសហការជាមួយបណ្ដាអង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែនដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី។

សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់កងកម្លាំងចំនួន១,៤៥៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល, ឧបត្ថម្ភដល់គណៈបញ្ជាការភូមិភាគ៥ ថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់វរសេនាតូចទាំង១០ ក្នុងមួយវរសេនាថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់នគរបាលកាពារបេតិភណ្ឌប្រាសាទបន្ទាយឆ្មាថវិកាចំនួន១លានរៀល, ឧបត្ថម្ភជូនដល់អង្គភាពយោធាចំនួន៦ ក្នុងមួយអង្គភាពថវិកាចំនួន៣លានរៀល។

ក្នុងនោះ ក៏មានសម្ភារៈស្បៀង និងភេសជ្ជៈ រួមមាន អង្ករចំនួន២,៣០០គីឡូក្រាម, មីចំនួន២៣កេសធំ, ត្រីខ២៣កេសធំ និងទឹកក្រូច៥៧៥កេស៕