(ពោធិ៍សាត់)៖ លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីសេចក្តីណែនាំ សេចក្តីជូនដំណឹង និងប្រតិទិននៃការផ្តល់លិខិតអញ្ជើញដើម្បីត្រៀមអនុវត្តការងារ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

លោក គី ចាន់សុផល បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដូច្នេះការរៀបចំកិច្ចប្រជុំថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសេចក្តីណែនាំ សេចក្តីជូនដំណឹង និងប្រតិទិន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងចំនួនស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដើម្បីឱ្យស្របតាមប្រតិទិនការងារ និងផែនការមេរបស់ គ.ជ.ប។

លោកក៏បានសំណូមពរផងដែរ ដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ និងសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាជួយចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនេះ បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានា រួមមានតំណាងអភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរក្រុង ស្រុក តំណាងកងប្រដាប់អាវុធទាំងបីប្រភេទ តំណាងគណបក្សនយោបាយ និងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅក្នុងខេត្តពោធិ៍សាត់៕