(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្លាំងនគបាលសម្ថតកិច្ចខេត្តតាកែវជាង២ពាន់នាក់ បានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនថ្នាក់ដឹកនាំ និងបងប្អូនពលរដ្ឋ ក្នុងព្រឹត្តការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី២១-២៣ ខាងមុខ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា ដើម្បីរក្សាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់សង្គម របៀបរៀបរយ ក្នុងព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានដាក់កំលាំងសមត្ថកិច្ចសរុប ចំនួន ២,២៨១នាក់ រួមមាន៖ កម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធា។

ក្នុងនោះដែរ កម្លាំងនគរបាលមានចំនួន ១,៧១០នាក់ និងត្រូវដាក់ពង្រាយនៅតាមគោលដៅពីព្រំប្រទល់ខេត្តកណ្ដាល រហូតដល់ទីតាំងប្រារព្ធពិធីនៅសួនច្បារមាត់បឹងតាកែវ ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងព្រឹត្តការណ៍បុណ្យទន្លេនេះ។

លោកឧត្ដមសេនីយ៍ត្រី សៅ សារុន ថ្លែងបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ស្នងការនគរបាលខេត្ត ក៏បានដាក់ទីតាំងបញ្ចាការស្រាលចំនួន៤ទីតាំង៖

*ទី១៖ នៅមុខមន្ទីរវប្បធម៌ខេត្ត
*ទី២៖ នៅផ្ទះសំណាក់រចនា
*ទី៣៖ នៅមុខសាកលវិទ្យាល័យបៀលប្រាយ
*ទី៤៖ នៅខាងត្បូងស្ពាន់ចុងថ្នល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋសំណូមពរ ឬមានបញ្ហាណាមួយដែលទាមទារឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។ ជាមួយគ្នានោះ ស្នងការនគរបាលខេត្ត ក៏មានលេខទូរសព្ទសម្រាប់ ប្រជាពលរដ្ឋទាក់ទងផងដែរ។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ នៅក្នុងពិធីបុណ្យទន្លេនេះ នឹងមានដាក់តាំងបង្ហាញនូវផលិតផលសក្កានុពលរបស់រដ្ឋបាលស្រុក ក្រុង និងមន្ទីរអង្គភាពជំនាញនីមួយៗ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញទស្សនាកម្សាន្តនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្នុងនោះដែរ គណៈកម្មការរៀបចំពិធី ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឲ្យមហាជន ចូលរួមលេងកម្សាន្ត រួមមាន៖ ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២/ កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣/ កីឡា អុកចត្រង្គ មហាជន, ៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក, ៥/ កីឡា បាល់ទះ មហាជន, ៦/ កីឡា ប៉ូល (បេតង់) មហាជន, ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន, ៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម, ៩/ កីឡា គុនខ្មែរ, ១០/ កីឡា សម្ដែង ប៉ារ៉ាម៉ូទ័រ៕