(ក្រចេះ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចាត់ទុកអគារផ្នែកជំងឺកុមារកម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាផ្ទះទេវតាដែលនឹងជួយព្យាបាលជំងឺ សង្គ្រោះជីវិតទារក និងកុមារ និងជាកន្លែងដែលផ្តល់ក្តីសង្ឃឹមរស់ដល់អ្នកជំងឺកុមារដោយក្រុមគ្រូពេទ្យទេវតា ពិសេសការព្យាបាលជំងឺជូនកុមារនៅតាមបណ្តាខេត្តក្នុងភូមិភាគឦសានកាន់តែទទួលបាននូវប្រសិទ្ធភាព និងគុណភាព និងសុវត្ថិភាព។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីទាំងពីររូបបានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារថ្មីក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គាំទ្រថវិកាដោយអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា។ ពិធីនេះមានការចូលរួមសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោក William Housworth ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋជាច្រើនរកនាក់ផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ឈាង រ៉ា និងលោក នេត្រ ភក្ត្រា បានថ្លែងថា អគារផ្នែកកុមារថ្មីនេះបានបង្កើនសមត្ថភាពបន្ថែមដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះក្នុងការព្យាបាលជំងឺជូនកុមារ និងធ្វើឱ្យកាន់តែមានជំនឿទុកចិត្ត បន្ថែមទៀតពីប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជាបណ្តាខេត្តនានានៅជាប់ខេត្តក្រចេះ លើការផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ និងជាគម្រោងប្រកបដោយសារៈសំខាន់ ចាំបាច់ក្នុងការចូលរួមធ្វើទំនើបកម្មវិស័យសុខាភិបាល និងអភិវឌ្ឍសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកសេវាថែទាំងសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនេះ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ គ្រប់ជាន់ថ្នាក់បានសហការគ្នាជាមួយរដ្ឋបាលខេត្ត និងជាពិសេសមន្ទីរសុខាភិបាលខេត្តក្រចេះក្នុងការ ផ្តល់ការគាំទ្រសម្ភារដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងឱសថខ្លះសម្រាប់ការព្យាបាលជូនដល់ប្រជាពលរដ្ឋតាមរយៈសកម្មភាពនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលលោកបានបង្កើតឡើងដើម្បីចូលរួមសកម្មភាពមនុស្សធម៌ផង និងរុញសេវាសុខាភិបាលទៅដល់ពរដ្ឋដែលនៅដាច់ស្រយាល ឬប្រជាពលរដ្ឋដែលលំបាកធ្វើដំណើរមកកាន់មន្ទីរពេទ្យ។ ទោះបីជាសកម្មភាពនេះតិចតួចដែលរៀបចំឡើងមួយដងក្នុងមួយខែ ប៉ុន្តែបានចូលរួមជាមួយរាជរដ្ឋាភិបាលផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋរាប់ពាន់នាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់ថាអគារនេះនឹងបម្រើសេវាយ៉ាងសកម្មចូលរួមកាត់បន្ថយអត្រាមរណភាពទារក និងកុមារដោយផ្ដល់នូវការព្យាបាលជំងឺកុមារសម្រាប់កុមារនិងទារកក្នុងខេត្តក្រចេះ និងបណ្តាខេត្តនានាជាពិសេសផ្តល់ភាពងាយស្រួល និងរុញសេវាបានជិតប្រជាពលរដ្ឋនៅក្នុងបណ្តាខេត្តនៅភូមិភាគឦសានដែលពីមុនធ្លាប់តែឆ្ងាញ ប៉ុន្តែឥឡូវនេះ បានកៀកជិត និងប្រកបដោយជំនឿទុកចិត្តខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាញទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទៀតដូចពីមុន។

បើតាមលោករដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងថា អគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ថ្មីមួយទៀត ដើម្បីបម្រើសេវាសុខាភិបាល ជូនដល់កុមារកម្ពុជា ប្រកបដោយស័ក្តិសិទ្ធិភាពដល់កុមារកម្ពុជា ជាពិសេសកុមារ និងទារកនៅមូលដ្ឋានខេត្តក្រចេះ។ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស។

លោកសាស្ត្រចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានបញ្ជាក់ថា វិស័យសុខាភិបាល រីកចម្រើនបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ខណៈនៅមូលដ្ឋានខេត្តក្រចេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់លោករដ្ឋមន្ត្រីមន្ត្រី នេត្រ ភក្ត្រា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តក្រចេះ គឺបានធ្វើសកម្មភាពជាច្រើនជាមួយនឹងវិស័យសុខាភិបាលក្នុងមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងខ្លាំងលើផ្នែកសុខុមាលភាពរបស់ប្រជាជនជាមួយក្រសួងសុខាភិបាល។

ទន្ទឹមមនឹងនេះដែរ លោកសាស្ត្រចារ្យ បានគូសបញ្ជាក់ថា៖ «កាលណាឃើញមុខរដ្ឋមន្ត្រីក្រសួងព័ត៌មាន (ឯកឧត្តម នេត្រ ភក្ត្រា) ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តក្រចេះ ដូចឃើញមុខរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅចំពោះមុខដែរ»