(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ការដ្ឋានកំណែទម្រង់មុខងារសាធារណៈ ជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ប្រសិទ្ធភាពការងារ ការសន្សំសំចៃ និងបង្កើនសមត្ថភាពប្រកួតប្រជែង។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ការអនុវត្តវិធានការគន្លឹះទាំងបី នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ជាពិសេសការវិភាគមុខងារ និងរចនាសម្ព័ន្ធ នឹងផ្តល់ឱកាសឱ្យយើងវាយតម្លៃស្ថានភាព សុខភាពរដ្ឋបាលសាធារណៈជារួម។ ក្នុងនោះការស្វែងយល់ពីចំណុចខ្វះខាត បញ្ហាប្រឈម តម្រូវការ សំដៅឈានទៅកសាងភាពខ្លាំង ភាពធន់ សក្តានុពល និងថាមពល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកបន្តថា ក្នុងបរិបទមិនច្បាស់លាស់នៃស្ថានភាពនយោបាយសកល ការវិភាគមុខងារ ជាមាគ៌ាមួយជួយដល់ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា អាចពង្រឹងខ្លួន ប្រឈមនឹងវិបត្តិនានា តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ប្រសិទ្ធភាពការងារ ការសន្សំសំចៃ និងបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការការពារ និងទាញយកផលប្រយោជន៍បន្ថែមដល់កម្ពុជា។
លោកបន្ថែមថា «ប្រាកដណាស់ការដ្ឋានកែទម្រង់មុខងារសាធារណៈ ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងសម្របសម្រួលសហការរៀបចំជាមួយស្ថាប័ន ទាមទារឱ្យយើងទាំងអស់គ្នា ធ្វើដំណើររួមគ្នាជាជំហានៗ គិតគូរម៉ត់ចត់ ថ្លឹងថ្លែងច្បាស់លាស់ ដោយឈរលើគោលការណ៍ពង្រឹងជាជាងពង្រីក បង្កើនភាពប្រឡាក់ក្រឡា បំពេញនឹងជំរុញគ្នាទៅវិញទៅមក ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ សំដៅអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ក្នុងការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាត និងស្អាតស្អំ»។
លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ចាប់ពីនិតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈបានឈានចូលដំណាក់កាលថ្មី នៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាទូទៅការអនុវត្តកិច្ចការនេះ តែងតែជួបប្រទះការប្រឈមមុខមួយចំនួន អាស្រ័យដោយត្រូវកែទម្លាប់ និងបែបបទការងារដែលមានជាយូរមក ហើយក៏អាចប៉ះពាល់ដល់ផលប្រយោជន៍បុគ្គល និងអង្គភាពផងដែរ ការជំនះបញ្ហាប្រឈមនេះ ទាមទារនិរន្តភាពនៃកិច្ចសហការ និងការអនុវត្តព្រមគ្នា ព្រមទាំងការគាំទ្រ ប្រកបដោយឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់ក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា កំណែទម្រង់ជោគជ័យគឺផ្អែកទៅលើកត្តា៤ ទី១.ចក្ខុវិស័យច្បាស់លាស់ ទី២.ការប្តេជ្ញាចិត្តខ្ពស់ ទី៣.ការចូលរួមដោយស្មោះត្រង់ និងទី៤. ការលះបង់។ ដើម្បីអនុវត្តការងារដោយជោគជ័យ ក្រសួងមុខងារសាធារណៈបានរៀបចំបទដ្ឋានគតិយុត្ត យន្តការ និងវេទិកាពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បីបង្កើនការយល់ដឹងពីគ្នា ការចូលរួមពង្រឹង និងពន្លឿនកិច្ចសហការអន្តរវិស័យ ក្នុងនោះក្រសួងមុខងារសាធារណៈ បានធ្វើការកម្រិតបច្ចេកទេស និងកម្រិតនយោបាយបច្ចេកទេស សម្រាប់អនុវត្តការងារនេះ ហើយក្រសួងក៏បានរៀបចំសិក្ខាសាលាឱ្យទូលំទូលាយដល់មន្រ្តីរាជការគ្រប់កម្រិត៕