(កំពង់ធំ)៖ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១១៨នាក់ ដែលស្ម័គ្រចិត្តចូលមករួមរស់ ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សខេត្តកំពង់ធំ។

លោកបានស្វាគមន៍សមាជិកបក្សថ្មី និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានលើកឡើងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋ ទទួលបានការអភិវឌ្ឍប្រទេសរីកចម្រើនស្ទើរគ្រប់វិស័យ។

លោកបញ្ជាក់ថា ក្នុងរយៈកាលជាង៤៦ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការបន្តដឹកនាំរាជរដ្ឋាភិបាលដ៏ស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ ក្នុងការដឹកនាំដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

លោកបានអំពាវនាវដល់បងប្អូនសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស ព្រមទាំងចូលរួមគោរព និងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន កុំជឿ ឬស្តាប់ការញុះញង់របស់ជនអគតិណាមួយឡើយ។

ជាមួយគ្នានេះ តំណាងសមាជិកសមាជិកាបក្សថ្មី បានសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍អនុវត្តដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការ ចំពោះរាល់ការញុះញ៉ង់បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការណ៍ពិត ចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជា៕