(ក្រចេះ)៖ ពេញមួយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ចំនួន ៣ទីតាំង៖ ទី១) លោកសាស្ដ្រាចារ្យ បានចុះរួមគ្នាជាមួយលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិសមធម៌ និងបណ្ណ ប.ស.ស នៅមន្ទីរពេទ្យព្រះអង្គឌួង,ទី២) លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានចុះពិនិត្យមន្ទីរពេទ្យបង្អែកបាធាយ ខេត្ដកំពង់ចាម និងទី៣) មន្ទីរពេទ្យបង្អែកឆ្លូង ខេត្ដក្រចេះ ដែលមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

សម្រាប់ការចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកចំនួន២ខាងលើនេះ គឺដើម្បីពិនិត្យលើផែនការរៀបចំកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យ ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

ក្នុងដំណើរចុះពិនិត្យនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ និងបានជំរុញលើកទឹកចិត្តដល់មន្រ្តី-បុគ្គលិក បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ស្មារតីនៃការទទួលខុសត្រូវ ប្រកបដោយបុរេសកម្ម ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ និងវះកាត់ ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល (គ.វ.ស)។

បន្ទាប់ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចុះពិនិត្យរាល់ទីតាំងសំខាន់ៗនៅក្នុងមន្ទីរពេទ្យបង្អែករួចហើយ លោកក៏បានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀត ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដើម្បីជាគន្លឹះ ក្នុងការជំរុញឱ្យដំណើរការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកាន់តែមានល្អប្រសើរជាបន្ដបន្ទាប់ ឱ្យស្របតាមសម័យឌីជីថល និងនវានុវត្តន៍៕