(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនពរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។

តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងថា៖

«នៅក្នុងឱកាសនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តម នាថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនា សប្បាយរីករាយអបអរសាទរ ជូន ឯកឧត្តម ជាមួយនឹងការជូនពរជ័យសិរីមង្គលបវរមហាប្រសើរដ៏ថ្លៃថ្លាបំផុត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ សូមកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជីវភាព របស់ ឯកឧត្តម ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ ដោយឡែក នាពេលកន្លងមក ឯកឧត្តម បានបំពេញបេសកកម្មធំៗ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន នៅក្នុងវិស័យអភិវឌ្ឍន៍ ជនបទ កំណែទម្រង់វិស័យដីធ្លី នគរូបនីយកម្ម សំណង់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកំណែទម្រង់សេវា សាធារណៈ ប្រកបដោយស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព និងចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ សមិទ្ធផលទាំងនេះ ពិតជាចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន យើង។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូម បានសមប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀង ឃ្លាតឡើយ»៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖