(ភ្នំពេញ)៖ ប្រទេសចិន តាមរយៈសង្គមស៊ីវិលរបស់ខ្លួន បានបន្តជួយព្យាបាលកុមារកម្ពុជា ដែលមានបញ្ហាបេះដូងពីកំណើត ឬ ភាសាសាមញ្ញ «បេះដូងចំហរ» ដោយបានសហការពេញទំហឹង ជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

ជាក់ស្តែង កុមារទី១២១ ដែលទៅទទួលការវះកាត់ និងព្យាបាលបេះដូងពីកំណើត ទើបបានត្រលប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព កាលពីពេល ថ្មីៗនេះ។ កុមារ មានឈ្មោះថា នួន គំនិតបញ្ញវន្ត ត្រូវបានបញ្ជូនទៅព្យាបាល ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូង Fuwai ស្ថិតនៅក្នុងខេត្តយូណាន ប្រទេសចិន។

លោក នួន ពិសិដ្ឋ ដែលត្រូវជាឱពុករបស់កុមារារូបនេះ បានប្រាប់ថា លោករំភើបចិត្តជាខ្លាំង រកអ្វីមកប្រៀបផ្ទឹម ពុំបានទេ។

«ពួកគាត់នៅទីនោះ មានការយកចិត្តទុកដាក់មែនទែន លើសពីការរំពឹងទុក ពួកគាត់ធ្វើការ ២៤ម៉ោងលើ២៤ម៉ោង តាំងពីយើងទៅដល់ប្រទេសចិនភ្លាម ពួកគាត់យកចិត្តទុកដាក់ ទៅទទួល នៅព្រលានយន្តហោះ ពេលទៅដល់មន្ទីរពេទ្យ គាត់ថែទាំយើងល្អ អត់ឲ្យទាស់ចិត្តទេ»

បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលជាស្ថាប័នជួយសម្របសម្រួល យ៉ាងពេញទំហឹង បានប្រាប់ឱ្យដឹងថា ការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតរបស់កុមារ នួន គំនិតបញ្ញវន្ត បានចាប់ផ្តើម តាំងពីខែមករា ឆ្នាំ២០១៨ មកម្លេះ។ គិតមកដល់ពេលនេះ មានកុមារចំនួន១២២រូបហើយ ដែលទទួលបានការវះកាត់និងព្យាបាល ដោយឥតគិតថ្លៃ ហើយបានជាសះស្បើយ ត្រឡប់មកកម្ពុជាវិញ ខណៈដែលកុមារ នួន គំនិតបញ្ញវន្ត គឺជាកុមារទី១២១។

លោកបណ្ឌិតថា សមាគមរបស់លោកបានចុះទៅស្រាវជ្រាវនៅតាមមូលដ្ឋាន ឬ ក៏ទទួលបានព័ត៌មានពីអាជ្ញាធរ ដើម្បីបានដឹងពីកុមារមានបញ្ហានេះ ហើយសមាគមក៏ចាប់ដៃគូ សហការជាមួយអង្គការ YUNDI ខេត្តយូណាន ប្រទេសចិន ធ្វើកិច្ចការមនុស្សធម៌នេះ រួមគ្នា ជាបន្តបន្ទាប់។

«រាល់ការចំណាយទាំងអស់ ជាបន្ទុករបស់ភាគីចិន គឺសំដៅធ្វើយ៉ាងម៉េច រហូតទាល់កុមារ មានសុខភាពល្អ ទើបវិលត្រលប់មកកាន់មាតុភូមិខ្លួនវិញ ហើយក៏ជាការឆ្លុះបញ្ចាំងពីការបន្តកិច្ចកសាង «សហគមជោគវាសនារួម ក្នុងយុគសម័យថ្មី» រវាងប្រទេសទាំងពីរកម្ពុជានិងចិន»

លោកបណ្ឌិតក៏សូមថ្លែងអរគុណ ដល់រដ្ឋាភិបាលប្រទេសទាំងពីរ ដែលតែងតែផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង ដល់សកម្មភាពមនុស្សធម៌ របស់សមាគម និង អង្គការសង្គមស៊ីវិលចិន ជួយកុមារកម្ពុជា លើកម្ពស់ជីវភាព និងផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជនកម្ពុជា ជាមួយនឹងការមផ្តល់តម្រូវជាក់ស្តែង ជូនដល់ពួកគាត់ ខណៈដែលកុមារគឺជាទំពាំងស្នងឫស្សី ដ៏សំខាន់៕

វិទ្យុមិត្តភាពកម្ពុជាចិន