(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យរ៉ាម៉ាដាន លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំក្ពុជា បានរៀបចំពិធីជប់លៀងអាហារស្រាយបួស ជាមួយមន្ត្រីជាន់ខ្ពស់ឥស្លាមកម្ពុជាជាង៣០ រូប និងឯកអគ្គរដ្ឋទូត និងរាជទូត ព្រមទាំងអ្នកការទូតជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន និងអង្គការយូណេស្កូផងដែរ នាថ្ងៃទី១៨ ខែមីនា ឆ្នា២០២៥កន្លងទៅ។

ក្នុងសុន្ទរកថាស្វាគមន៍ លោកឯកអគ្គរដ្ឋទូត Santo បានបញ្ជាក់ថា៖ «ការជួបជុំនេះជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធរវាងសហគមន៍ឥស្លាមជុំវិញពិភពលោក ជាពិសេសប្រជាជននៅកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្តីសង្ឃឹមថា អន្តរកម្មបែបនេះនឹងពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ»

នៅក្នុងឱកាសនោះលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានយល់ស្របនឹងទស្សនៈរបស់ឯកអគ្គរដ្ឋទូត ដែលថាពិធីស្រាយបួស ពិតជាផ្តល់នូវវេទិកាសម្រាប់អន្តរកម្ម រវាងមេដឹកនាំឥស្លាមកម្ពុជា និងសហគមន៍ការទូត។

ពិធីស្រាយបួស នៅស្ថានទូតនាឱកាសនេះ មានអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយម្ហូបឥណ្ឌូណេស៊ីពិតៗផងដែរ ដែលមានដូចជា៖ ស៊ុបសូតូ បាន់ឌុង, តៅហ៊ូចៀន, តែមពេ, ត្រីបាឡាដូ និង ហ្កាដូ ហ្កាដូ ដែលជាម្ហូបដ៏ពេញនិយមរបស់ឥណ្ឌូណេស៊ី។

បើទោះជាស្ថិតនៅក្នុងអំឡុងខែរ៉ាម៉ាដាន ក៏ពិតមែនប៉ុន្តែកិច្ចការផ្នែកកុងស៊ុល នៃស្ថានទូតឥណ្ឌូនេស៊ី មិនបានស្ងប់ស្ងាត់ឡើយ ប៉ុន្តែមានការរីកចម្រើនជាខ្លាំង តាមរយៈសកម្មភាពនៃទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូត Santo ទៅកាន់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានសក្តានុពល រួមទាំងក្នុងវិស័យ ឧស្សាហកម្មហាឡាលនៅទៅនោះ៕