(ម៉ាឡេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយលោក Dato’ Seri Utama Haji Mohamad Bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។
នៅក្នុងឱកាសនោះកិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របគ្នាជាមួយអាទិភាពសំខាន់ៗ និងសមិទ្ធផលដែលអាចសម្រេចបានរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ កិច្ចពិភាក្សាក៏បានផ្តោតលើការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ក៏ដូចជា ការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការចូលជាសមាជិកពេញសិទ្ធិនៅក្នុងអាស៊ានរបស់ទីម័រខាងកើតផងដែរ។
លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រដល់ប្រទេសអាស៊ាន និងប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅខែឧសភា និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែកក្កដា ខាងមុខ នៅប្រទេសម៉ាឡេស៊ី។
នៅរសៀលថ្ងៃដដែលនេះនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (ISIS) ម៉ាឡេស៊ី ។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ដែលវិទ្យាស្ថានដូចជា ISIS ម៉ាឡេស៊ី អាចដើរតួនាទី នៅក្នុងការទូតតំបន់ ជាពិសេស ជួយគាំទ្រអាទិភាពរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ តាមរយៈវេទិកានានា ដូចជា កិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) ប្រចាំឆ្នាំជាដើម។
សូមបញ្ជាក់ដែរថា នៅក្នុងនាមជាសមាជិកនៃក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំលើកទី ២២ នៃក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) នៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ហើយនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំ HLTF-ACV លើកទី ២២ ដែលធ្វើជាសហប្រធានដោយប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។
កិច្ចប្រជុំ HLTF-ACV បានពិភាក្សាអំពីសេចក្តីប្រកាសទីក្រុងគូឡាឡាំពួរ ដើម្បីអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ នៃសសរស្តម្ភរបស់សហគមន៍អាស៊ាន ព្រមទាំង ការតភ្ជាប់អាស៊ាន ក៏ដូចជា ពិភាក្សាអំពីមធ្យោបាយឆ្ពោះទៅខាងមុខ ដើម្បីធានាថា ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ រួចរាល់សម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។
នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរវាងក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) និងប្រធានក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) សហប្រធាននៃក្រុមការងារដើម្បីបង្កើតផែនការយុទ្ធសាស្ត្រក្រោយឆ្នាំ២០២៥ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC AHWG) ព្រមទាំង ប្រធានគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC) នៅក្នុងឱកាសនៃកិច្ចប្រជុំ HLTF-ACV លើកទី ២២ ៕