(ភ្នំពេញ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ ដែលមានអ្នកចូលរួមសរុបចំនួន ២១៥នាក់។
ក្រោយពីបានស្តាប់សេចក្តីសង្ខេប ផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន លើកទី៤៥ ដោយលោក ប្រាក់ ចាន់ណា រួចមក លោកបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងផ្តាំផ្ញើដូចជា៖
* សមាជិកគណបក្ស ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយផែនការនេះ ឱ្យបានទៅដល់កម្រិតសង្កាត់-ភូមិ និងទៅដល់ក្រុមបក្សឱ្យបានគ្រប់ៗគ្នា។
* ត្រូវព្យាយាមយល់នូវខ្លឹមសារ នៃផែនការចាត់តាំងអនុវត្តនេះ ទើបងាយស្រួលពន្យល់បកស្រាយរាល់បញ្ហានានា ទៅដល់សមាជិកបក្ស ជាពិសេសការពន្យល់អំពីគុណតម្លៃ នៃសន្តិភាព។
* គណបក្សប្រជាជន កាន់តែរឹងមាំ គឺអាស្រ័យលើសមាជិកគណបក្ស មានសមត្ថភាព មានគុណភាព និងមានរបៀបរបបការងារ វិន័យការងារ ព្រមទាំងការត្រួតពិនិត្យត្រឹមត្រូវ។
លោកបណ្ឌិត ធន់ វឌ្ឍនា ក៏បានផ្តាំផ្ញើទៅសមាជិកគណបក្ស ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯង កុំឈ្លោះជាមួយអ្នកដទៃ ឬប្រទេសជិតខាង ដោយសារថា ជម្លោះមិននាំមកការរីកចម្រើនឡើយ យើងត្រូវប្រឹងកសាងប្រទេសយើងឱ្យខ្លាំង និងរឹងមាំទើបល្អដោយចាប់ផ្តើមពីខ្លួនយើង ដែលជាកោសិកាសង្គម និងប្រទេសជាតិយើង៕