(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារចំនួន ១ខ្នង កម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចំណាយពេលវេលារបស់ខ្លួន ដើម្បីចុះជួបពិភាក្សា ព្រមទាំងស្វែងយល់ពីការបំពេញភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋាននៅឃុំថ្មគ្រែ ស្រុកចិត្របុរី និងឃុំសណ្តាន់ ស្រុកសំបូរ ពីការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងបន្តចុះស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពថ្មគ្រែ និងមណ្ឌលសុខភាពសណ្តាន់ ខេត្តក្រចេះ។
តាមរយៈជំនួបជាមួយក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារប្រចាំថ្ងៃ នៅមណ្ឌលសុខភាពថ្មគ្រែ និងមណ្ឌលសុខភាពសណ្តាន់, លោករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានភាពល្អប្រសើរឡើង។
ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ ចំពោះមន្រ្តីសុខាភិបាលមណ្ឌលសុខភាពទាំងពីរដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលក្នុងមូលដ្ឋានដូចជាការផ្តល់សេវាពិនិត្យ ពិគ្រោះ ការសម្រាកបុត្រ ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។
សមិទ្ធផលទាំងអស់នេះ, ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងថា មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តថែរក្សាដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើសុំឱ្យមន្ត្រីសុខាភិបាលត្រូវបន្តខិតខំបន្ថែមទៀតក្នុងការបម្រើសេវាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ដោយពុំមានការរើសអើង ទាំងអ្នកជំងឺប្រើ សេវាហិរញ្ញប្បទាន បេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស.) ឬមូលនិធិសមធម៌សុខាភិបាល និងអ្នកក្រីក្រ និងលើកកម្ពស់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ជូនប្រជាពលរដ្ឋ។
ដោយឡែកក្នុងជំនួបជាមួយអាជ្ញាធរឃុំ សមាជិកក្រុមប្រឹក្សាឃុំថ្មគ្រែ និងឃុំសណ្តាន់, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែឱ្យអាជ្ញាធរពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវយក ចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឱ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋាន ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើមសំដៅបង្កើន ភាពជឿជាក់ និងមានទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំឱ្យអាជ្ញាធរត្រូវបង្កើនការចុះអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំជូនដល់ឪពុក ម្តាយ និងអាជ្ញាធរព្យាបាលគ្រប់រូប ដើម្បីជំរុញឱ្យកូនចៅរបសពួកគាត់ចូលសិក្សា និងពន្យល់ពីគុណតម្លៃនៃការអប់រំដល់ពួកគាត់ ដើម្បីជៀសវាងការបោះបង់ការសិក្សាពីសំណាក់យុវជន យុវនារី, ក្រៅពីនេះត្រូវផ្សពវផ្សាយអប់រំ ពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងផែនការសកម្មភាពនានាធ្វើយ៉ាងណាចូលរួមក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើនក្រោមដំបូលសុខសន្តិភាព។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានជាតួអង្គដ៏សំខាន់បំផុត ពីព្រោះជាអ្នកនៅជិតប្រជាពលរដ្ឋ ជាអ្នកដឹងច្បាស់នូវសុខទុក្ខ ក្តីកង្វល់ តម្រូវការរបស់ប្រជាពលរដ្ឋ ដូច្នេះ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងសំណូមពរ ជួយដល់ពួកគាត់ឱ្យអស់ពីសមត្ថភាព រួមទាំងការផ្តល់សេវាសាធារណៈ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
ក្រោយស្តាប់សំណូមពររបស់អាជ្ញាធរឃុំសណ្តាន់ និងបំពេញតម្រូវការបន្ទាន់ជាក់ស្តែង លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឯកភាពទទួលយកសំណូមពរពាក់ការរួមចំណែកកៀងគរថវិកាពីសប្បុរសជន សម្រាប់បង្គ្រប់ទិញមួយកន្លែង ដើម្បីដាក់បញ្ចូលជាសម្បត្តិរួមរបស់វិទ្យាល័យសណ្តាន់ ខណៈអាជ្ញាធរ គណៈកម្មការសាលានៅខ្វះថវិកាចំនួន ២,១០០០ដុល្លារទៀត ដើម្បីប្រគល់ជូនដល់ម្ចាស់ដី៕