(អង់ការ៉ា)៖ ប្រជាជនតួកគីរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រឆាំងនឹងការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្រោមការចោទប្រកាន់ពីបទពុករលួយ និងការជួយក្រុមភេរវករ ដែលសកម្មភាពនេះត្រូវបានក្រុមប្រឆាំងថ្កោលទោសថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។
ការចាប់ខ្លួនលោក Imamoglu ដែលជាគូប្រជែងនយោបាយដ៏សំខាន់របស់ប្រធានាធិបតី លោក Tayyip Erdogan គឺជាផ្នែកមួយនៃការបង្រ្កាបផ្លូវច្បាប់លើឥស្សរជនគណបក្សប្រឆាំង ដែលត្រូវបានគេរិះគន់ថា ជាការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់អនាគតនយោបាយរបស់ពួកគេ។ លោក Imamoglu បានអំពាវនាវឱ្យប្រជាជនក្រោកឈរប្រឆាំងនឹងអំពើអយុត្តិធម៌នេះ។
រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ និងបានដាក់បម្រាមលើការប្រមូលផ្តុំ និងរឹតត្បិតការចូលប្រើប្រាស់បណ្តាញសង្គម។ ប៉ូលីសបានបិទផ្លូវនៅជិតកន្លែងឃុំខ្លួនអភិបាលក្រុង និងទីតាំងផ្សេងៗទៀតក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកគាំទ្រគណបក្សប្រឆាំងបានសម្តែងការខឹងសម្បារចំពោះការចាប់ខ្លួននេះ ដោយចាត់ទុកថាវាមិនមែនជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ទោះបីជាការតវ៉ាត្រូវបានបង្ក្រាបយ៉ាងខ្លាំងនៅក្នុងប្រទេសតួកគីក៏ដោយ ក៏ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានដើរតាមដងផ្លូវក្នុងទីក្រុងអ៊ីស្តង់ប៊ុល ទីក្រុងអង់ការ៉ា និងទីក្រុងផ្សេងៗទៀត ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងព្យួរបដារបស់លោក Imamoglu នៅអគារសាលាក្រុង។
គួរបញ្ជាក់ថា លោក Imamoglu គឺជាសមាជិកនៃគណបក្សប្រជាជនសាធារណៈ (CHP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់នៅក្នុងប្រទេស។ លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសជាអភិបាលក្រុងអ៊ីស្តង់ប៊ុលពីរដងគឺនៅឆ្នាំ ២០១៩ ដោយបានបញ្ចប់ការគ្រប់គ្រងជាយូរមកហើយរបស់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) របស់ប្រធានាធិបតី Erdogan នៅក្នុងទីក្រុងដ៏សំខាន់នេះ។ ជ័យជម្នះរបស់លោកត្រូវបានគេមើលឃើញថា ជាការបរាជ័យដ៏សំខាន់មួយសម្រាប់លោក Erdogan និងគណបក្ស AKP របស់លោក។ ចាប់តាំងពីនោះមក លោក Imamoglu បានក្លាយជាឥស្សរជននយោបាយដ៏លេចធ្លោមួយដែលអាចប្រកួតប្រជែងជាមួយលោក Erdogan ក្នុងការបោះឆ្នោតនាពេលអនាគត៕