(ហ៊ឺណាន, ចិន)៖ ក្នុងដំណើរបញ្ចុះបញ្ចូល និងស្វះស្វែងរកអ្នកវិនិយោគនៅខេត្តហ៊ឺណាន ប្រទេសចិន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកវិនិយោគមកពីបណ្តាក្រុមហ៊ុនធំៗក្នុងខេត្តជាបន្តបន្ទាប់។ រាល់ជំនួបឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែប្រឹងប្រែងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា បំណងបញ្ចុះបញ្ចូលអ្នកវិនិយោគរបស់ចិន ចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល អមដំណើរដោយលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food Co.,Ltd.), ក្រុមហ៊ុនវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រថ្មីនៃក្រុងចឹងចូវ (Zhengzhou New Silk Road International Port Investment Co.,Ltd.) និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន។
កិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ឺណាន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ចែករំលែកឱកាសនៃការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ៊ឺណាន» ជាមួយគោលបំណងជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក, ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនទាំងមូល ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគរបស់សហគ្រាសឆ្នើមៗប្រចាំក្រុងចឹងចូវសរុបជាង១០ក្រុមហ៊ុន និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ដោយឡែកការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហគ្រាសខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ ខ្សែច្រវាក់ផលិតកម្ម ការគ្រប់គ្រងប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកស្រី Li Fengzhi អភិបាលរងក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញទស្សនកិច្ចនៅខេត្តហ៊ឺណាន។ ទន្ទឹមនឹងនេះ លោកស្រីបានពិពណ៌នាជូនគណៈប្រតិភូឱ្យបានជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ក្រុងចឹងចូវ ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានភាពខ្វាត់ខ្វែង និងតភ្ជាប់ទៅកាន់គ្រប់គោលដៅសំខាន់ៗនៅទូទាំងផ្ទៃប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ភាគីមិត្តចិនជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតស្ញប់ស្ញែងចំពោះភាពរីកចម្រើនរបស់ក្រុងចឹងចូវ ក្រោមការដឹកនាំតម្រង់ទិសពីសំណាក់រដ្ឋបាលក្រុង, រដ្ឋបាលខេត្ត, និងរដ្ឋបាលមជ្ឈិម។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញតំណាងសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) និងសហគ្រាសឆ្នើមៗដទៃទៀតប្រចាំក្រុងចឹងចូវ ដែលមានមុខសញ្ញាវិនិយោគទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្ម, យានយន្ត, និងបច្ចេកវិទ្យាឌីជីថល ឱ្យអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងឈានដល់ការពិនិត្យឱកាសបណ្តាក់ទុនវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល និងការថែទាំគាំទ្រដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
សូមជម្រាបថា ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food) គឺជាសហគ្រាសដែលផ្តោតសំខាន់លើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការវេចខ្ចប់ និងកែច្នៃសាច់ស្រស់ ដោយឡែកសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative - BRI) ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានទីតាំងនៅតាមបណ្តោយ ឬជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវសូត្រសម័យទំនើប ជាមួយនឹងគោលបំណងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ប្រទេសចិន ទៅកាន់សកលលោក៕