(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានចាត់ក្រុមការងារ​ចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំ​ដល់គ្រួសារសពលោក ស្វាយ ដូត ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទទួលមរណភាព ដោយសារបញ្ហាបេះដូង។

សូមបញ្ជាក់ដែរថា លោក ស្វាយ ដូត បានទទួលមរណភាព ដោយសារបញ្ហាបេះដូង ពេលកំពុងចូលរួមទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សពត្រូវបានក្រុមគ្រួសារយកតម្កល់ប្រារព្ធពិធីបុណ្យនៅគេហដ្ឋាន បុរីសម្បត្តិមានហេង៣ ផ្ទះលេខ០១ ផ្លូវលេខ០៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានអុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ស្វាយ ដូត ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕