(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារលិខិតជូនពរប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុរបស់លោក។
នៅក្នុងសារលិខិតរបស់ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ដូចនេះថា ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាទីបំផុត ដោយបានទទួលនូវសារលិខិតជូនពរប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុរបស់ខ្ញុំបាទ។
ខ្ញុំបាទសូមគោរពដឹងគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននិងបន្តគាំទ្រ តម្រង់ទិសដឹកនាំ និងផ្តល់នូវអនុសាសន៍ល្អៗដល់រូបខ្ញុំបាទ ក្នុងការបំពេញភារកិច្ចរៀងរហូតមក។
ខ្ញុំបាទចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាបិតាសន្តិភាព បានផ្តល់ជីវិត សិទ្ធិសេរីភាព ជីវភាពថ្កុំថ្កើង និងក្តីសង្ឃឹមជានិច្ចនិរន្តរ៍ ជូនប្រជាជនកម្ពុជាគ្រប់ៗរូប ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេល ៥០០ឆ្នាំកន្លងមក។
ក្នុងឱកាសនេះខ្ញុំបាទនិងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមបីបាច់ ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេច អគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីខ្ញុំបាទ និងភរិយា៕