(ភ្នំពេញ)៖ នៅព្រឹកថ្ងៃថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។

សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធ​ផល​​មួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជា​ចំណង​ដៃថ្មីបន្ថែមទៀត​សម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេស​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទាំងអស់​ជាអាណាព្យបាលសិស្សនៅ​ក្នុង​ក្រុងតាខ្មៅផ្ទាល់។

សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលា​រៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សា​កំរិត២ទីរួមខេត្ត» បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជ​សាសន៍​ប៉ុល​ពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា «សាលាលិចទឹក» ព្រោះស្ថិត​នៅ​លើ​ដីទំនាបដែលមានតែអគារទ្រុឌទ្រោម។

សាលារៀននេះបានប្តូរពីអនុវិទ្យាល័យទៅជាវិទ្យាល័យនៅឆ្នាំសិក្សា២០០៤-២០០៥ ដែលមានឈ្មោះថា វិទ្យាល័យ «ហ៊ុន សែន សេរីភាព» ក្រោមការ​ដឹកនាំរបស់លោក ហ៊ុយ សុខា ជានាយកវិទ្យាល័យ និងបច្ចុប្បន្ន​គណៈគ្រប់​គ្រង​វិទ្យាល័យដឹកនាំដោយលោកនាយក ម៉ម សុធានី ។

ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្រូសរុ​ប​ចំនួន ២៤១នាក់ (ស្រី ១១៥ នាក់) មានសិស្សសរុបចំនួន ៤,៧៨៥នាក់ (ស្រី ២,៥១២នាក់) ចែកចេញជា ៨៤ថ្នាក់ និងមានអគារ ១០ខ្នង ស្មើនឹង ១២០បន្ទប់ (ក្នុងនោះអគារសម្តេចតេជាមាន ៦ខ្នង ស្មើ ៦៣បន្ទប់) និងមាន​អគារ​សម្រាប់ការបង្រៀន អគារការិយាល័យ បន្ទប់ប្រជុំ បណ្ណាល័យ បន្ទប់​ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សម្ភារៈ បន្ទប់រៀបចំអាហារសម្រន់ បន្ទប់​សម្លេង អាហារដ្ឋាន បន្ទប់ទឹក និងកន្លែងលាងដៃជាដើម។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សមកប្រឡង ៥៧៥ នាក់ (ស្រី ៣០៩ នាក់) សិស្សប្រឡងជាប់សរុប ៣៨៤ នាក់ ស្មើនឹង ៦៦.៧៨% (ស្រី ២០៣ នាក់ ស្មើនឹង ៦៥.៧០%) ក្នុងនោះបាននិទ្ទេស A សរុប ២៥ នាក់ (ស្រី ១១នាក់)៕