(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

ពិធីនេះត្រូវបានធ្វើឡើងក្រោយពីសម្ដេចទាំង២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។

សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្នគឺជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដូចគ្នា។ សម្ដេចទាំង២រូប សុទ្ធសឹងតែជាឥស្សរជនឆ្នើមមានគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈមនសិការ ស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ និងជាប្រតិបត្តិករមួយរូប មានសមត្ថភាពក្នុងការអនុវត្តគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាព របស់ប្រជាជន ហើយបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមជាច្រើន រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ និងអភិបាលកិច្ចល្អ៕