(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រកាសបង្កើនការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។
លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់នាពេលខាងមុខ។ ទន្ទឹមនោះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
សម្ដេចមហាបវរធិបតី បានអបអរសាទរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។
សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕