(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បានបង្ហាញការស្ញប់ស្ញែង ព្រមទាំងសម្តែងការសាទរចំពោះភាពរីកចម្រើ​ន​យ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។

លោករដ្ឋមន្ត្រីការបរទេសតូហ្គោលើកឡើងបែបនេះ ក្នុងឱកាសរូបលោកអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី​ បាន​សម្ដែង​នូវការ​អបអរសាទរ​ចំពោះការ​អភិ​វឌ្ឍ​​រីកចម្រើន​យ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរ​សា​ទរ​ចំពោះកម្ពុជាដែលនឹងធ្វេីម្ចាស់ផ្ទះ​​​នៃកិច្ចប្រជុំកំពូលហ្រ្វង់​កូហ្វូនីលេីក​ទី​២០​ នៅឆ្នាំ២០២៦។ លោក ក៏បានបញ្ជាក់​ពីការគាំទ្រដល់​កម្ពុជាក្នុង​ការ​រៀប​ចំកិច្ច​ប្រជុំកំពូលនេះ​ឱ្យទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃកិច្ចសហ​ប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេសកម្ពុជា​ ព្រមទាំងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងរូបលោក និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា​ និងស្វែងរកនូវកាលានុវត្តភាពក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាង​សភា​ពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរផងដែរ។​

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានស្វាគមន៍ចំពោះលោករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចមហាវរធិបតី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលតូហ្គោ ដែលបាន​គាំទ្រ​កម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​ លេីកទី២០​ នៅឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងការ​ទូត​រវាង​កម្ពុជា និងតូហ្គោ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ កំពុងតែមាន​ភាព​សកម្មឡើង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន​នូវ​លទ្ធផល​ដ៏ល្អនៃ​កិច្ចសហប្រតិបត្តិការរបស់​ក្រសួង​ការបរទេស​នៃប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និងតូហ្គោ​ មាន​វិស័យសក្ដានុពលជាច្រើនទៀត ក្នុង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល,​ វិស័យឯកជន និងឯកជន ក៏ដូច​ជា​ការតភ្ជាប់​រវាងប្រជាជន​ និងប្រជាជន។

សម្ដេចមហាបវរធិបតី និងលោករដ្ឋមន្ត្រីការបរទេសតូហ្គោ ក៏បានពិភាក្សា ស្វែង​យល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេសទៅលើ​វិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម, វិនិយោគ,​ កសិកម្ម,​ ថាមពលស្អាត​ និង​អប់រំផងដែរ៕