(ភ្នំពេញ)៖ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិ​ធនាគារ​ជាតិកាណាដា និងជាម្ចាស់ភាគហ៊ុនធនាគារ ABA បានបង្ហាញការជឿជាក់​ថា ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីក​ចម្រើន​​នៃវិស័យ​ធនាគារនៅកម្ពុជា។

លោកនាយកប្រតិបត្តិធនាគារជាតិកាណាដា បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកប្រធានធនាគារ​ បានជម្រាបសម្ដេចបវរធិបតី​ អំពីវឌ្ឍន​ភាពអាជីវកម្មរបស់ធនាគារ ABA ​ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅ​កម្ពុជា និង​បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តី​សោម​នស្ស​រីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងបាន​ចូល​រួម​ចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។

លោកប្រធានធនាគារ​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តបំពេញតួនាទីសំ​ខាន់​ និងបន្តចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះវឌ្ឍនភាព​ និង​ការរីកចម្រើនរបស់​ធនាគារ​ ABA, ជាពិសេសការទទួលបានចំណាត់ថ្នាក់ ជាធនាគារលំដាប់ទី១ នៅកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានវាយ​តម្លៃ​ខ្ពស់ចំពោះតួនាទី​ និងការចូលរួមចំណែករបស់ធនាគារ ABA នៅក្នុងការធ្វើ​ទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការតាម​ប្រព័ន្ធ​អន​ឡាញ ប្រកបដោយភាពងាយស្រួល​ និងសុវត្ថិភាព។

ទន្ទឹមនឹងនោះ, សម្ដេចមហា​បវរធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញនូវ​គោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រ និង ធានានូវ​ភាព​ធន់នៃប្រព័ន្ធធនាគារកម្ពុជា។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី​ក៏​បានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញ​វត្ថុ​ទៅ​ដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម​ ដែលជាការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម​របស់វិស័យនេះ ផងដែរ៕