(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យប្រតិភូធុរជនមកពីឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពី លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ការជួបសម្ដែងការគួរសម និងពិភាក្សានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមាន ប្រតិភូធុរជនមកពីឥណ្ឌា ចំនួន៣ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនពហុវិស័យ ចំនួន១២ក្រុមហ៊ុន រួមមានសភាពាណិជ្ជកម្មឥណ្ឌា។

ប្រតិភូឥណ្ឌា បានលើកឡើងពី ចំណាប់អាម្មរណ៍ជារួមអំពី កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពដ៏ល្អដែលកម្ពុជាមាន ព្រមទាំងសក្តានុពលវិនិយោគ និងទេសចរណ៍ ជាកត្តាសំខាន់ដែលជំរុញ ឲ្យសមាជិកសមាជិកាប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីធ្វើការបោះទុនវិនិយោគតាមវិស័យរបស់ខ្លួនម្នាក់ៗ។

លើសពីនេះទៀត ប្រតិភូក៏បានកោតសរសើរអំពី សក្តានុពលដ៏សំបូរបែបនៃទេសចរណ៍កម្ពុជា ពិសេសគឺប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត នៅក្នុងខេត្តសៀមរាប ដោយបានបេ្តជ្ញាពាំនាំនូវភាពអច្ឆរិយៈនៃបេតិកភណ្ឌទាំងអស់នេះដល់ក្រុមគ្រួសារ សហការី និងប្រជាពលរដ្ឋឥណ្ឌាទាំងអស់ឲ្យអញ្ជើញមកទស្សនាកម្ពុជាឲ្យបានមួយដងក្នុងមួយជីវិត៕