(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានផ្ញើសារជូនពរឯកឧត្តម នៅក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងសារលិខិតនេះ ឯកឧត្តម ជា សុផារ៉ា បាទមានប្រសាសន៍ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវសារលិខិតជូនពរ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ បណ្ឌិត ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុរបស់ខ្ញុំ។

ខ្ញុំសូមកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយសក្តានុពល ភាពឈ្លាសវៃ ជវភាព និងទស្សនវិស័យទំនើបជឿនលឿន របស់ សម្តេចមហាបវរធិបតី ដែលក្នុងរយៈពេលខ្លីនៃដើមអាណត្តិ បានបំពេញនូវបេសកកម្ម ធំៗជាច្រើន និងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជាមួយនឹងការសាទរ គាំទ្រ និង វាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី វិបុលសុខ ជូនដល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរ ទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕