(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក កាន់ដា ម៉ាសាតូ (KANDA Masato) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលលោករួមជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក កាន់ដា ម៉ាសាតូ ក្នុងនាមជាប្រធានថ្មីរបស់ ADB មកកាន់ប្រទេសជាសមាជិក ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ និងភាពជាដៃគូរឹងមាំ រវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោក កាន់ដា ម៉ាសាតូ ផ្ទាល់ ដែលបានចូលកាន់តំណែងជាប្រធាន ADB កាលពីពេលថ្មីៗនេះ, លោកអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពី «ចក្ខុវិស័យកម្ពុជា» សំដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់ដោយបានរៀបចំ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តនានា ដូចជា «យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ (CPS 2024-2028)»។

អាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភា ស្របតាមទិសដៅ គោលនយោបាយរយៈពេលមធ្យម និងវែង ក្នុងកាលៈទេសៈនៃការផ្លាស់ប្តូរយ៉ាង ឆាប់រហ័សនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល។ ការពង្រឹងសមត្ថភាពស្ថាប័ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល ព្រមទាំងការពង្រឹង ការកៀរគរចំណូលក្នុងស្រុក ជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

កម្ពុជា ក៏បាននិងកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការពង្រឹង សមត្ថភាពប្រកួតប្រជែង, ភាពធន់នៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់រវាងបណ្តាប្រទេស អាស៊ាន តាមរយៈការពង្រឹងការតភ្ជាប់តំបន់អាស៊ាន, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកទឹកចិត្តដល់ការ វិនិយោគ, ការបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ, ការអភិវឌ្ឍមូលធនមនុស្ស, និងការរៀបចំគោលនយោបាយ សម្រាប់ ការអភិវឌ្ឍប្រកប ដោយចីរភាព។

ជាមួយគ្នានោះ, ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយ សេដ្ឋកិច្ចតំបន់ និងសកលលោក ក្នុងខណៈដែលសេដ្ឋកិច្ចកម្ពុជា នឹងឈានឡើងមួយកម្រិតទៀត នាពេលខាងមុខ, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្កានុពល បញ្ហាប្រឈមជាយថាហេតុ ក៏ដូចជាយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការជំនះបញ្ហាប្រឈម ដោយផ្តោតលើ៖

១៖ ការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ កម្ពុជានឹងខិតខំបន្ថែមទៀត ដើម្បីបង្វែរពីការ ផ្គត់ផ្គង់កម្លាំងពលកម្មដោយកម្លាំង ទៅជាកម្លាំងពលកម្មដែលបង្កើនតម្លៃបន្ថែមខ្ពស់ (From labour intensive to value added labour),

២៖ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ទាំងនៅរដ្ឋបាល ធុរកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ,

៣៖ ការពង្រឹងលើវស័យដែលកម្ពុជាមានសក្តានុពល ដូចជា វិស័យកសិកម្ម, វិស័យទេសចរណ៍ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ និងឧស្សាហកម្មបៃតង (Green Economy),

៤៖ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ស្របតាមកម្មវិធី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,

និង៥៖ ការស្នើឲ្យបន្តផ្តល់ដល់កម្ពុជានូវហិរញ្ញប្បទានឥត សំណង និងឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដើម្បីជួយកម្ពុជាសម្របខ្លួនទៅនឹងស្ថានភាពសេដ្ឋកិច្ច ថ្មី ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ជាដើម។

លោក កាន់ដា ម៉ាសាតូ បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់របស់ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងគាំទ្រកម្ពុជា ក្នុងដំណើរសម្រេចតាមគោលដៅ អភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា។

លោកក៏បានគូសបញ្ជាក់ឡើងវិញនូវជំហររឹងមាំរបស់ ADB ក្នុងការបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល គាំទ្រដល់ដំណើររបស់កម្ពុជា ឆ្ពោះទៅរកវិបុលភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរឯកឧត្តម កាន់ដា ម៉ាសាតូ ព្រមទាំងសហការី ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា និងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាព៕