(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសមិទ្ធផលដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០២៥ ដែលវិនិយោគដោយកូនខ្មែរ និងគ្រប់គ្រងដោយកូនខ្មែរផ្ទាល់។

ដំណើរទស្សនកិច្ចសារព័ត៌មាននេះ រៀបចំឡើងដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលមានការណែនាំបង្ហាញពីការសាងសង់ដោយ ឧកញ៉ា វ៉ាន់ ឆារស៏ អភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អុិនវេសមិន ឯ.ក (CAIC) និងមានអ្នកសារព័ត៌មានជាង៩០នាក់ និងមកពី៥៦ស្ថាប័ន។

អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នាខែកក្កដាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕