(តាកែវ)៖ កម្មវិធីរត់ប្រណាំងមហាជនចម្ងាយ៥គីឡូម៉ែត្រ ដើម្បីអបអរពីធីបុណ្យទន្លេ ដែលបានប្រព្រឹត្តនៅព្រឹកព្រហ៊ាម ថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានកីឡាករ-កីឡាការរីនី ចូលរួមជាង១ពាន់នាក់ និងមានការអញ្ជើញចូលរួមរត់ជាមួយបងប្អូនកីឡាករកីឡាការិនីពីលោក ហ៊ួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវផងដែរ។

ថ្លែងនៅក្នុងពិធីបើកការរត់ប្រណាំងមហាជនលោក ហួត ហាក់ បានចាត់ទុកព្រឹត្តការរត់ប្រណាំងមហាជន គឺដើម្បីអបអរសាទរពិធីបុណ្យទន្លេ ដែលរៀបចំធ្វើឡើងនៅក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី២១-២៣ ដែលព្រឹត្តការរត់ប្រណាំងនេះ បានទាក់ទាញមហាជនឲ្យចូលរួមរត់ប្រណាំងយ៉ាងច្រើនកុះករ ក្រោមភាពសប្បាយរីករាយ និងស្នាមញញឹមជាពិសេសក្រោមដំបូលនៃសុខសន្តិភាព។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីរត់ប្រណាំងមហាជន ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ កីឡារទាំងអស់បានមកជួបជុំគ្នា នៅសួនច្បារមាត់បឹងតាកែវ ហើយនាំគ្នារត់តាមបណ្ដោយផ្លូវមុខសាលាខេត្ត ទៅកាន់វិមានឯករាជ្យ និងបន្តរត់ទៅកាន់ផ្សារតាកែវ ដល់ស្តុបកែងបែកជា៤ ក៏បន្តរត់ទៅកាន់មន្ទីរសាធារណៈការខេត្ត និងបន្តរត់មកកាន់សួនច្បារមាត់បឹងតាកែវវិញ។

បន្ទាប់ពីកីឡាកកីឡាការរីនី បានរត់មកដល់ទីតាំងដើមវិញ ក៏មានការបំពាក់មេដាយជូនកីឡាករ កីឡាការរីនីចំនួន៥០០នាក់ ដែលរត់មកដល់មុនគេ ដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកអភិបាលខេត្តផងដែរ៕