(តាកែវ)៖ ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ បុណ្យទន្លេលើកទី៩ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទឹកដីខេត្តតាកែវ។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅ មួយពីការរៀបចំបុណ្យទន្លេរយៈពេលបីថ្ងៃរវាងពីថ្ងៃទី២១ដល់២៣ ខែមីនា នៅតាមដងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ៖
ខេត្តតាកែវ នៃប្រទេសកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបុណ្យទន្លេលើកទី៩ ចាប់ពីថ្ងៃទី២១ដល់២៣ ខែមីនា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ផ្នែកវប្បធម៌ និងសេដ្ឋកិច្ចរបស់ជាតិ។ នេះគឺជា លើកដំបូងហើយដែលបុណ្យទន្លេនេះ ត្រូវបានរៀបចំធ្វើនៅក្នុង «បឹងតាកែវ» ដែលជាបឹងមួយ នារៀងរាល់ឆ្នាំ តែងទទួលបាននូវរបបទឹកហូរហៀរចេញពីទន្លេបាសាក់ និងតាមរយៈបឹងតាកែវនេះ ការធ្វើដំណាំកសិផលរបស់ពលរដ្ឋខ្មែរដែលរស់នៅតំបន់ក្បែរបឹង តែងបានទទួលភោគផលយ៉ាងច្រើនអនេក។
ពិធីអបអរសាទរនៃបុណ្យប្រចាំឆ្នាំដ៏រស់រវើករបស់កម្ពុជានេះ បានស្ថិតក្រោមប្រធានបទ «តម្លៃនៃទន្លេ៖ ការផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ជាមួយការរំពឹងថានឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់សិបម៉ឺននាក់ ដែលនឹងបង្កើតបរិយាកាសជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌របស់ជាតិ។
អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង មានមានប្រសាសន៍ថាបុណ្យទន្លេនៅខេត្តតាកែវ គឺជាការឆ្លុះបញ្ចាំងនូវវប្បធម៌ និងប្រពៃណីរបស់ជាតិ ជាពិសេសប្រវត្តិដ៏ទាក់ទាញរបស់ខេត្តតា កែវចំពោះទេសចរជាតិនិងអន្តរជាតិ៖
« តាមពិតទៅយើងធ្វើបុណ្យទន្លេនេះ គ្រាន់តែធ្វើដើម្បីដឹងគុណទេ ប៉ុន្តែការដឹងគុណទន្លេនេះគឺផ្សារភ្ជាប់ជាមួយនិងវប្បធម៌, អរិយធម៌ របស់យើងនេះ, វប្បធម៌បែបមិច គឺខ្មែរយើងដែនដីនេះ គឺមិនមែនតែជាដែនដីដែលមកតែដីគោកនោះទេ គឺមានដីទឹក ដូចគេថា ម៉េចនៅខេត្តតាកែវ អត់មានឃើញអ្វីផង ម៉េចក៏បុណ្យទន្លេ? នេះគឺទាក់ទងទៅនិងវប្បធម៌។ កាលពីមុនគឺយើងមានតឹកតាងមួយ ដែលមានឈ្មោះថាទន្លេបាទី អញ្ចឹងបានន័យថាកន្លែងហ្នឹងវាគឺជាតំបន់ទឹកលិចទេពីមុនមកនោះ, នេះគឺយើងអាចផ្សព្វផ្សាយពីវប្បធម៌របស់យើងពីអតីតកាលរបស់យើង ដែលពីមុនៗមកនោះ មិនអាចថាខេត្តនេះទើបតែកកើតមកដោយស្រមើស្រម៉ៃ គឺអត់ទេ គឺមានមកយូរយារណាស់មកហើយ»។
ពិធីបុណ្យទន្លេឆ្នាំ២០២៥ ត្រូវបានអញ្ជើញចូលរួមបើកសម្ពោធដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នានា រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរដ្ឋាភិបាល អភិបាលខេត្ត សមាគមទេសចរណ៍ និងឥស្សរជនយ៉ាងច្រើនកុះករពីស្ថាប័នជាតិនិងអន្តរជាតិ។
វត្តមានថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពីគ្រប់ស្ថាប័នដឹកនាំជាតិទាំងនេះ គឺជាសក្ខីភាពនៃការបង្ហាញថាបុណ្យទន្លេក្នុងខេត្តតាកែវ គឺជាបុណ្យដែលមានសារៈសំខាន់ជាខ្លាំងណាស់ ដែលបម្រើលើគោលដៅការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៅទន្ទឹមនឹងការដាក់ចេញចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដែលនឹងជម្រុញឱ្យគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងជាប្រទេសដែលកាន់តែមានវិបុលភាពនៃមោទនភាពជាតិខ្មែរថែមទៀត។
ប្រធានបទបុណ្យទន្លេនៅឆ្នាំនេះ បានបង្ហាញពីសារៈសំខាន់វប្បធម៌ និងអេកូឡូស៊ី នៃទន្លេរបស់ប្រទេសកម្ពុជាថែមទៀត។ បុណ្យទន្លេនេះ បានបម្រើជាវេទិកាមួយដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកផង បង្ហាញនូវសេវាកម្មទេសចរណ៍ផង និងការបង្ហាញជុំវិញសក្តានុពលទេសចរណ៍របស់ខេត្តតាកែវ ដែលមានទីតាំងស្ថិតជាប់នឹងមាត់ទន្លេដែលជាប្រភពមិនចេះរីងស្ងួតនៃវិស័យសេដ្ឋកិច្ច។
ពលរដ្ឋរស់នៅក្នុងខេត្តតាកែវ បានសម្តែងក្តីរីករាយចំពោះការរៀបចំបុណ្យទន្លេជាលើកដំបូង នៅក្នុងខេត្តភាគនីរតីកម្ពុជាក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ៖
«នាងខ្ញុំឈ្មោះ ម៉ូ លីការ ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលបានធ្វើបុណ្យទន្លេនៅក្នុងឆ្នាំនេះ, គឺពិតជារំភើបណាស់»។
កញ្ញា ម៉ូ លីការ បានបន្តថា៖ «មានអារម្មណ៍ថាប្រជាពលរដ្ឋគាត់សប្បាយចិត្ត ហើយណាមួយយើងធ្វើពីធីអញ្ចឹងទៅ ប្រជាពលរដ្ឋគាត់អាចរកចំណូលបាន, ណាមួយទៀតខេត្តគឺមានការអភិវឌ្ឍច្រើនដល់ពេលអញ្ចឹងទៅមានអារម្មណ៍ថាសប្បាយចិត្តច្រើន។ នៅពេលដែលធ្វើកម្មវិធីលើកទីមួយនៅក្នុងខេត្តតាកែវទីមួយ គឺធ្វើឱ្យទេសចណ៍ចង់មកលេងនៅទីកន្លែងនេះ, នៅទីនេះមានសុខសន្តិភាព នៅពេលដែលភ្ញៀវទេសចរគាត់មកលេងធ្វើឱ្យប្រជាជនគាត់មានចំណូលបន្ថែម ហើយនៅក្នុងខេត្តមានការអភិវឌ្ឍច្រើន ដូចនៅទីរួមខេត្តអញ្ចឹងគឺមានការអភិវឌ្ឍច្រើនជាងមុន ដូចជាសួន មានការរៀបចំដាំផ្កាផ្សេងៗ និងទឹកបានរៀបចំដាក់ភ្លើង ដែលទាក់ទាញឱ្យភ្ញៀវឱ្យគាត់មកលេងទៅនេះ»។
ពលរដ្ឋមួយរូបទៀត បានលើកឡើងថាយ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ សួស ចាន់ហន នៅភូមិចុងថ្នល់ សង្កាត់បារាយ៍ ក្រុងដូនកែវ ខេត្តតាកែវ, ខ្ញុំជាប្រជាពលរដ្ឋនៅក្នុងខេត្តតែកែវ មានចិត្តសប្បាយរីករាយរំភើបជាខ្លាំង មានការដឹកនាំរបស់លោក អភិបាលខេត្ត លោក វ៉ី សំណាង ដែលបានធ្វើបុណ្យទន្លេឱ្យប្រជាពលរដ្ឋខ្មែរយើងនៅខេត្តក្នុងតាកែវទាំងមូល មានសេចក្តីសប្បាយត្រេកអរជាខ្លាំង ដែលមិនដែលមានពីមុនមក, មិនដែលមានគេធ្វើបុណ្យទន្លេនៅក្នុងខេត្តយើង ដល់ពេលនេះមានហើយ ខ្ញុំមានសេចក្តីរំភើបហើយស្រលាញ់ រាប់អានដល់ថ្នាក់ដឹកនាំធំៗ។
កញ្ញា សួស ចាន់ហន បានបន្ថែមថា៖ «មានអារម្មណ៍ថារំភើបសប្បាយនិងរីករាយ ដែលលោកចាហ្វាយខេត្តគាត់បានរៀបចំកម្មវិធីនៅក្នុងខេ្តតតាកែវលើកដំបូង ហើយចង់ឱ្យអ្នកដែលរស់នៅខេត្តផ្សេងៗមកលេងនៅក្នុងខេត្តតាកែវដូចគ្នាឱ្យបានច្រើន។ ខេត្តតាកែវបានធ្វើបុណ្យទន្លេជាលើកដំបូង ហើយនេះគឺជាលើកទី៩ នៃបុណ្យទន្លេ តែនេះជាលើកទី១ នៅក្នុងខេត្តតាកែវ»។
ព្រឹត្តិការណ៍រៀបចំបុណ្យទន្លេ នៅតាមបណ្តាខេត្ត ដែលមានទន្លេរបស់ខ្លួននេះ គឺស្របតាមគោលនយោបាយជាតិស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងជាការពង្រឹងភាពប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្លួន ខណៈពេលដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីឈានសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។
ពិធីបុណ្យទន្លេនៅក្នុងខេត្តតាកែវនេះ បានពោរពេញទៅដោយសកម្មភាពចម្រុះដែលរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងការលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍។ ក្នុងចំណោមចំណុចសំខាន់ៗដែលបានរៀបចំទាំងនោះរួមមាន៖
១៖ ការសម្តែងសិល្បៈ និងការប្រគុំតន្ត្រី ជាមួយនឹងការជួបជុំក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងខ្មែរដ៏ល្បីៗ នៅលើឆាកសម្តែង, ការប្រគុំនូវតន្ត្រីដោយផ្ទាល់ និងការសំដែងរបាំប្រពៃណីដែលអបអរសាទរបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងពិធីបុណ្យទន្លេនេះ នឹងមានព្រឹត្តិការណ៍បាញ់កាំជ្រួចដ៏អស្ចារ្យ ដែលជានិមិត្តរូបនៃស្មារតីនៃការរួបរួម និងសាទរនៃនយោបាយឈ្នះឈ្នះ ដែលរយៈពេល២៦ឆ្នាំរួចមកនេះ បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងជួយផ្តល់ឱកាសដល់ខេត្តនិងរាជធានី ធ្វើការរៀបចំនូវពិធីបុណ្យប្លែកៗបង្អួត និងបង្ហាញសិល្បៈប្រពៃណីជាតិកម្ពុជានៃទិដ្ឋភាពជាអន្តរជាតិ។
សកម្មភាពដទៃទៀត រួមមានការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុកដូចជាស្រាព្រីង ព្រមទាំងការបង្ហាញសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។ ក្រៅពីនេះ ព្រឹត្តិការណ៍បុណ្យទន្លេ នៅបានរៀបចំសកម្មភាពកីឡា ទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយកម្មវិធីបង្ហោះគោមនាពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត។ អ្នកទស្សនាអាចដើរកំសាន្តទស្សនាពិនិត្យភាព ស្រស់ស្អាតគួរឱ្យទាក់ទាញនៃការតាំងពិពណ៌ ដែលបង្ហាញពីសមិទ្ធិផលទេសចរណ៍របស់ប្រទេសកម្ពុជា និងផ្សព្វផ្សាយនូវភាពស្រស់ស្អាត និងសក្តានុពលនៃទេសភាពមាត់ទន្លេរបស់ខេត្តតាកែវក្នុងពេលនេះថែមទៀត។
គោលបំណងនៃពិធីបុណ្យទន្លេ ត្រូវគេបញ្ជាក់ថា គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ លើសពីសារៈសំខាន់ជាតិរបស់ខ្លួនទៀតនោះ ពិធីបុណ្យទន្លេ បាននិងកំពុងដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់របស់កម្ពុជាថែមទៀត។
ពិធីបុណ្យទន្លេនេះ នៅបានបម្រើជាវេទិកាមួយសម្រាប់ការជំរុញទេសចរណ៍ឆ្លងព្រំដែន និងភាពជាដៃគូសេដ្ឋកិច្ច។ យុទ្ធនាការនានា ត្រូវបានគេឃើញរៀបចំឡើងក្នុងព្រឹត្តិការណ៍បុណ្យ ទន្លេនោះផងដែរ ដូចជាយុទ្ធនាការ «ទេសចរណ៍សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ទេសចរណ៍រីកចម្រើនក្នុងសន្តិភាព» ដែលយុទ្ធនាការទាំងនោះ កំពុងបង្ហាញនូវបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខេត្តតាកែវ ក៏ដូចជាប្រទេសកម្ពុជា នៅក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ប្រកបដោយសន្តិភាព និងវិបុលភាព។
បុណ្យទន្លេត្រូវបានរៀបចំដំបូងនៅក្នុងខេត្តក្រចេះនាឆ្នាំ២០១៥។ បុណ្យទន្លេបានធ្វើដំណើរ ចេញពីខេត្តដែលមានទន្លេ ឆ្លងកាត់ខេត្តមានទន្លេមួយទៀត ដោយនាំមកជាមួយគ្នានូវភាព រំលេចដ៏ស្រស់ស្អាតផ្សេងៗរបស់ខេត្តនីមួយដើម្បីការទាក់ទាញវិស័យទេសចរណ៍សម្រាប់ដំណើរទស្សនកិច្ចមកកាន់ខេត្តរបស់គេរៀងៗខ្លួន។
បន្ទាប់ពីខេត្តក្រចេះ បុណ្យទន្លេ បានបន្តមកកាន់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦, ស្ទឹងត្រែង ឆ្នាំ២០១៧, ក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០១៨, ខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩, ខេត្តបាត់ដំបង ឆ្នាំ២០២០ ខណៈឆ្នាំ២០២១ និង២០២២ ដែលមានការបង្កាគ្រោះថ្នាក់ដោយជំងឺរាត ត្បាតកូវីដ១៩ ត្រូវបានផ្អាកធ្វើរយៈពេល២ឆ្នាំជាប់គ្នា…ប៉ុន្តែបានបន្តក្នុងឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ធំ, ខេត្តសៀមរាប ឆ្នាំ២០២៤ និងខេត្តតាកែវក្នុងឆ្នាំ២០២៥នេះ។
ព្រឹត្តិការណ៍រំលេចនូវភាពស្រស់ប្រណិតដ៏ទាក់ទាញតាមបណ្តាខេត្តដែលបានរៀបចំមកនេះបានរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា និងបានជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាគោលដៅសន្តិភាពដ៏សែនកក់ក្តៅថែមទៀតសម្រាប់ទេសចរពិភពលោក។
ពិធីបុណ្យទន្លេក្នុងខេត្តតាកែវឆ្នាំ ២០២៥នាពេលនេះ គឺជាការបង្ហាញប្រាប់ទេសចរជាតិនិង អន្តរជាតិក្នុងតំបន់និងពិភពលោកឱ្យឃើញថា ក្រោមម្លប់នៃសន្តិភាពនៃនយោបាយឈ្នះឈ្នះ បណ្តាខេត្តនិងក្រុងក្នុងប្រទេសកម្ពុជា គឺជាទឹកដីនៃភាពសុខសាន្ត, ទឹកដីនៃឯកភាពជាតិទាំងស្រុង និងជាទឹកដីដែលកំពុងប្រែក្លាយចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ស្របតាមចក្ខុវិស័យដាក់ចេញដោយរាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា៕