(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋាន ស្តារប្រព័ន្ធស្រោចស្រពអូរយាយហុក និងសាងសង់សំណង់សិល្បការ្យ (ជំហាន១) ដែលជាអតីតអូរចាស់ទទួលទឹកពីតំបន់ភ្នំ និងតភ្ជាប់ទៅនឹងក្បាលស្ទឹងស្វាយដូនកែវ ស្ថិតក្នុងភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រព័ន្ធស្រោចស្រពអូរយាយហុក ជាអូរចាស់ទទួលទឹកពីតំបន់ភ្នំ និងតភ្ជាប់ទៅនឹងក្បាលស្ទឹងស្វាយដូនកែវ ត្រង់ចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រព័ន្ធស្រោចស្រពនេះ ជាប្រព័ន្ធមានស្រាប់ និងជាគន្លងចាស់សម្រាប់ដោះទឹក ពីបណ្តាភូមិក្នុងឃុំតាលោ ជាពិសេសនៅឆ្នាំ២០២៣ ត្រូវបានដោះទឹកជំនន់ ដែលលិចលង់មកពីតំបន់បឹងស្តុក និងតំបន់ភ្នំខាងលើ។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពអូរយាយហុក ដែលត្រូវបើកការដ្ឋាននាពេលនេះ រួមមាន៖ ស្តារអូរប្រវែង ៤គីឡូម៉ែត្រ (ជំហាន១), សាង់សង់សំណង់លូរំដោះទឹក ចំនួន៧កន្លែង, សាងសង់លូចម្លងលើអូរ ចំនួន២កន្លែង, សាងសង់សំណង់លូយកទឹកលើភ្លឺអូរ ចំនួន៤កន្លែង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរ (ទ្វារ) ចំនួន៣កន្លែង។
លោក កែវ វ័យ បន្តថា ប្រព័ន្ធស្រោចស្រពអូរយាយហុក បានបម្រើសការស្រោចស្រពស្រូវវស្សា ចំនួន១,០៣១ហិកតា ស្រូវប្រាំង ចំនួន៦០០ហិកតា និងដំណាំរួមផ្សំ ចំនួន២៥ហិកតា ដែលគិតជាភាគរយពលរដ្ឋធ្វើកសិកម្ម ប្រមាណ៩០% លើ៦ភូមិ និងមានប្រជាជនសរុបចំនួន២,០៤២គ្រួសារ ស្នើនឹង៥,០៤៧នាក់។
លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងដោយបានការចូលរួមសហការ ពីអាជ្ញាធរដែនដី អង្គការជាតិ និងអន្តរជាតិ បានស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រសំខាន់ៗមួយចំនួន ដែលប្រឈមខ្លាំង និងខូចខាតដោយគ្រោះធម្មជាតិរួមមាន៖ ជួសជុល និងសាងសង់សំណង់សិល្បការ្យ ទំនប់អាងទឹកអ្នកតាធំ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ, សាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែក (ជំហាន២) ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង និងសាងសង់ទំនប់អាងទឹក លេខ២ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានលទ្ធភាពស្តុកទឹក បានប្រមាណជិត៩០០លានម៉ែត្រគូប។
លោក ខូយ រីដា បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់គម្រោង ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការ នៃការស្តារប្រព័ន្ធស្រោចស្រពអូរយាយហុក។ ប្រឡាយមួយខ្សែនេះ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ហើយប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែអភិវឌ្ឍន៌ទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទ។ លោកបានបន្ថែមថា ការអភិវឌ្ឍទាំងនេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាព ឱ្យបានគង់វង្សយូរអង្វែង បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍នោះដែរ។
ជាការពិតណាស់ថា «សមិទ្ធផលនេះ មានគុណប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យកសិកម្ម ដែលបងប្អូនយើង៩០%ធ្វើស្រែ ដូចនេះហើយទើបរាជរដ្ឋាភិបាល សម្រេចផ្តល់ជូននូវការស្តារប្រព័ន្ធស្រោចស្រពនេះ»។
លោកបានផ្តាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន សូមយកចិត្តទុកដាក់អនុវត្ត ឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភណភាព ព្រមទាំងគោរពឱ្យបាន នូវពេលវេលាកំណត់ ហើយអាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការ ជាមួយក្រុមហ៊ុន ក្នុងការត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវ នូវទំហំ ប្រវែង ដែលបានចុះកិច្ចសន្យា។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានបន្តចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យតាលោ ព្រមទាំងពិនិត្យកិច្ចការងារមួយចំនួន ក្រោយពេលដែលសាលានេះ ទើបនឹងទទួលបានពានរង្វាន់នាយកសាលាល្អ ជ័យលាភីលេខ៧ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃកម្ពុជា។ លោកក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំបង្រៀន និងរៀន ធ្វើវិទ្យាល័យមួយនេះ មានភាពល្បីរន្ទឺ និងទទួលបានជ័យលាភី ជាបន្តបន្ទាប់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ និងរដ្ឋបាលខេត្តផងដែរ៕