(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍កសិកម្មចិន (ADBC)។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Zhan Dongsheng ប្រធានធនាគារ ADBC ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារទាំងពីរ។

អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជាដៃគូ តាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំចេញកសិផលកម្ពុជា មកទីផ្សារប្រទេសចិន តាមរយៈការផ្តល់សេវាកម្មធនាគារ ជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

បន្ថែមពីនេះ, ធនាគារទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint-Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence - Green Finance to Agriculture Sector។

ធនាគារទាំងពីរ ក៏បានសង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA និងពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នា, ការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិក (Staffs Exchange) និងការអនុវត្តទស្សនកិច្ចសិក្សា ជាដើម។

ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ, ធនគារទាំងពីរ នឹងបង្កើតផែនការសកម្មភាពរួមគ្នាក្នុងការចូលរួមចំណែក ផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ តាមរយៈការចែករំលែកនូវបទពិសោធន៍ល្អៗ និងការចែករំលែកព័ត៌មានទៅវិញទៅមក៕