(រតនគិរី)៖ មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំវគ្គរំលឹកស្តីពីការអនុវត្តបរិយាបន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ វគ្គរំលឹកនេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។
ក្នុងឱកាសដែរ ក៏មានការចូលរួមជាសិក្ខាកាមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ១១៧រូប។
នៅឱកាសនេះ លោក កែវ សុភាព ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី បានលើកឡើងថា ក្រុមការងារបច្ចេកទេស របស់សាខា បាននិងកំពុងប្រចាំការសម្របសម្រួល ដល់ដំណើរការកម្មវិធីជាតិជំនួយសង្គម នៅថ្នាក់មូលដ្ឋាន។ ជាលទ្ធផល មានគ្រួសារមានបណ្ណសមធម៌កំពុងទទួលបានការឧបត្ថមគ្រួសារគោល សរុបចំនួន១២,៨៦៥គ្រួសារ និងមានសមាជិកគ្រួសារដែលមានភាពងាយរងគ្រោះ ដែលជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរា ជនមានពិការភាព អាហារូបករណ៍សិស្សក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏សរុបចំនួន ១៩,៧៦៨នាក់។
លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បានលើកឡើងថា វគ្គរំលឹកនេះ អាចដំណើរការបានក៏ដោយសារមានការបង្កលក្ខណៈងាយស្រួលពីលោក ញ៉ែម សំអឿន ដើម្បីឱ្យសម្រេចបាននូវ ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ដែលជាប្រតិបត្តិករផ្ទាល់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវប្រក្រតីភាព ប្រសិទ្ធផល ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយនៃកម្មវិធី។
ក្នុងនាមមូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងការគ្រប់គ្រង អនុវត្តកម្មវិធីជាតិជំនួយសង្គម ក៏បានរៀបចំជាវគ្គរំលឹកនេះឡើង ដើម្បីបង្កើនការយល់ដឹងពីដំណើរការអនុវត្តកម្មវិធីដល់មន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងការអនុវត្ត និងការគាំទ្រកម្មវិធីនៅថ្នាក់មូលដ្ឋាន។ ទន្ទឹមនោះ ក៏មានសាខាមូលនិធិជាតិជំនួយសង្គមនៅតាមរាជធានី ខេត្ត នឹងរង់ចាំធ្វើការគាំទ្រ សម្របសម្រួល ឆ្លើយតប និងដោះស្រាយជាប្រចាំ នៅថ្នាក់រាជធានី ខេត្តផងដែរ។
លោកស្រីញាន ទិត្យចិន្តា បានមានប្រសាសន៍ក្នុងកម្មវិធីបើកវគ្គរំលឹកថា កម្មវិធីជាតិជំនួយសង្គម ជាកម្មវិធីអាទិភាព ដែលរដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តកម្មវិធីនេះឱ្យមានកិច្ចដំណើរការល្អ។
ទន្ទឹមនោះ រដ្ឋបាលខេត្ត បានធ្វើការពិនិត្យ តាមដាន និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការឧបត្ថម្ភគ្រប់ៗគ្រួសារ។ ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តជំរុញការអនុវត្ត និងការផ្សព្វផ្សាយ ពិសេស សាខាមូលនិធិជាតិជំនួយសង្គម រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សូមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅធានាបាននូវប្រក្រតីភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃកម្មវិធី។
ទន្ទឹមនោះ លោកស្រីក៏បានផ្តល់ជាអនុសាសន៍មួយចំនួន៖
១-សូមគ្រូឧទ្ទេសថ្នាក់ជាតិ ឈរលើមូលដ្ឋានចែករំលែក ទាំងបច្ចេកទេស បទពិសោធន៍ និងវិធីសាស្រ្ត ដើម្បីធានាបំពេញបាននូវបំពាក់បំប៉នសមត្ថភាពគ្រប់គ្រាន់
២-លោក លោកស្រីដែលជាសិក្ខាកាមនាថ្ងៃនេះ ភាគច្រើនសុទ្ធសឹងតែមានបទពិសោធន៍កន្លងមក ហេតុនេះ សូមប្រើរយៈពេលមួយថ្ងៃនេះ ចូលរួមយកចិត្តទុកដាក់ឱ្យបានពេញលេញ និងសកម្ម ដើម្បីពង្រឹងសមត្ថភាពបន្ថែម
៣-សូមមន្ទីរអង្គភាពពាក់ព័ន្ធ បន្តសហការគ្នាឱ្យបានសកម្ម ដើម្បីគាំទ្រដល់ដំណើរការកម្មវិធី
៤-ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក សូមសហការឱ្យបានសកម្មជាមួយឃុំ សង្កាត់ ក្នុងដំណើរការនៃការអនុវត្តកម្មវិធី
៥-សូមរាយការណ៍វឌ្ឍនភាពជាប្រចាំ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក ហើយប្រសិនបើ មានភាពរាំងស្ទះត្រង់ណា សូមស្នើសុំគោលការណ៍មករដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួលបន្ថែម៕