(សៀងហៃ, ចិន)៖ ក្រោយបញ្ចប់បេសកកម្មនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូ បានបន្តដំណើរទៅកាន់ទីក្រុងសៀងហៃ ដើម្បីកៀរគរ បញ្ចុះបញ្ចូល និងផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ដល់អ្នកវិនិយោគនៅទីក្រុងសៀងហៃ។
ដំណើរអញ្ជើញដល់ក្រុងសៀងហៃ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាការងារជាមួយសហគ្រាស Geoharbour Construction Group, សហគ្រាស Penyao Environmental Protection, និងសហគ្រាស Tri-Wall (Shanghai) Packaging Technology ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះតំណាងសហគ្រាសទាំង៣ ដែលបានអញ្ជើញមកជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគមកកាន់ទីក្រុងសៀងហៃនេះ។ ក្នុងជំនួបទាំងបីនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពថ្មីៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់ការពិគ្រោះយោបល់ជូនដល់ភាគីក្រុមហ៊ុន ដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសនានា សំដៅធានាឱ្យបានថា វិនិយោគិននឹងទទួលបានព័ត៌មានដែលមានពិតប្រាកដច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដើម្បីបានជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាពឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។
សូមបញ្ជាក់ថា សហគ្រាស Geoharbour Construction Group គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងសួនឧស្សាហកម្ម។ ដោយឡែកសហគ្រាស Penyao Environmental Protection គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការសាងសង់ និងប្រតិបត្តិការលើអាងប្រព្រឹត្តកម្ម, គ្រប់គ្រងកាកសំណល់, និងទឹកស្អាត។ ចំណែក សហគ្រាស Tri-Wall (Shanghai) Packaging Technology គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការវេចខ្ចប់គ្រឿងបង្គុំ និងបំណែកយានយន្ត៕