(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតាតេ (Duterte) បានចូលរួមសវនាការលើកដំបូងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈតំណភ្ជាប់វីដេអូ។ ចាប់តាំងពីការចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តីនៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ករណីនេះបានបង្ហាញពី "ប្រសិទ្ធភាពខ្ពស់" នៃការអនុវត្តច្បាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីស្ថាប័ននេះជាផ្លូវការតាំងពីឆ្នាំ២០១៩មកម្ល៉េះ។

បន្ទាប់ពីយន្តហោះដែលឃុំឃាំងលោក Duterte បានហោះចេញពីទីក្រុងម៉ានីល លោកប្រធានាធិបតី ម៉ាកូស (Marcos) បានទទូចនៅក្នុងសុន្ទរកថា ថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកកំពុងបំពេញការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ចំពោះអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ដែលអង្គការនេះបានចេញដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែលោក Marcos បានប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់អំពី កិច្ចការដែលគាត់បាន និងកំពុងតែអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដោយសារតែប្រជាជនហ្វីលីពីនជាច្រើនមានការចោទសួរថា តើព្រំដែននៃយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានវិសាលភាពដល់កម្រិតណា ក្នុងករណីប្រទេសមួយបានផ្តាច់ខ្លួនចេញពី យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះរួចហើយ។

ករណី «ដីកាចាប់ខ្លួន» លើកនេះ ញ៉ាំងឱ្យយើងគិតដល់ដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី ពូទីន(Putin) កាលពីមុន ដែលបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ លោក ពូទីន មិនបានយកចិត្តទុកដាក់ ហើយបានទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីឆ្នាំ២០២៤។ ក្រោយមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបញ្ជាក់ថា ប្រទេសម៉ុងហ្គោលីមានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ហើយក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែន ក៏បានជំរុញឱ្យប្រទេសម៉ុងហ្គោលីចាប់ខ្លួនលោក ពូទីន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ក្នុងនាមជាប្រទេសភាគី នៃ «លក្ខន្តិកៈទីក្រុងរ៉ូម» បើយោងតាមទ្រឹស្ដី ប្រទេសម៉ុងហ្គោលី ត្រូវអនុវត្តកាតព្វកិច្ចចាប់ខ្លួន តាមខចែងមាត្រា៥៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ជាលទ្ធផល គឺម៉ុងហ្គោលីបានបដិសេធមិនអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

«ដីកាចាប់ខ្លួន» ទាំងពីរ មើលទៅហាក់ដូចគ្នា ប៉ុន្តែ មានលទ្ធផលខុសគ្នា។ តើកត្តាអ្វីខ្លះដែលនាំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជួបប្រទះនឹងស្ថានភាពខុសគ្នា ទាំងស្រុងនៅក្នុងករណីដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នា? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិមានតួនាទីអ្វីខ្លះ នៅក្នុងកិច្ចការអន្តរជាតិ ក្រោមឈ្មោះ ដែលមើលទៅហាក់ដូចជាមានភាពអង់អាចសម្រាប់បំភិតបំភ័យ?

យោងតាមមាត្រា១៣ នៃ «លក្ខន្តិកៈទីក្រុងរ៉ូម» តុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចអនុវត្តយុត្តាធិការក្នុងស្ថានភាពដូចខាងក្រោម៖
១៖ ប្រទេសជាភាគីកិច្ចសន្យានៃ «លក្ខន្តិកៈទីក្រុងរ៉ូម» ត្រូវបញ្ជូនស្ថានការណ៍ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីពិនិត្យផ្ទៀងផ្ទាត់។
២៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជូនសំណុំរឿងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដំណើរការជំនុំជម្រះក្តី។
៣៖ ព្រះរាជអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្ម័គ្រចិត្តស្នើឱ្យដំណើរការជំនុំជម្រះក្តីសំណុំរឿងនេះ។

ករណីនេះធ្វើឲ្យមានការងឿងឆ្ងល់ថា តើការចាប់ខ្លួនលោក Duterte បានធ្វើឡើងតាមបទប្បញ្ញត្តិខាងលើមួយណា?

ចំពោះភាពស្របច្បាប់ នៃការចាប់ខ្លួនលោក Duterte នៅតែត្រូវរង់ចាំការស៊ើបអង្កេត។ ប៉ុន្តែ អ្វីដែលគួរឲ្យប្រុងប្រយ័ត្ននោះគឺថា លំនាំ នៃប្រតិបត្តិការរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងតែបង្កើតឡើងនូវព្រឹត្តិការណ៍នាំមុខនៃគ្រោះថ្នាក់។ ចំពោះករណីលោក Duterte លើកនេះ បច្ច័យសំខាន់ គឺជាទង្វើជ្រៀតជ្រែកដល់អធិបតេយ្យភាពប្រព័ន្ធតុលាការប្រទេសដទៃរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈយុត្តាធិការត្រលប់ថយក្រោយ។ បច្ច័យពិត គឺបង្កជាការបំផ្លិចបំផ្លាញជាលក្ខណៈប្រព័ន្ធដល់អធិបតេយ្យភាពប្រទេសដទៃ។ ប្រសិនបើ លំនាំនេះ ត្រូវបានគេយកតម្រាប់តាម នោះវានឹងបណ្តាលឱ្យកើតឡើង នូវអ្វីដែលហៅថា «អំណាចតុលាការអន្តរជាតិ» ស្ថិតនៅពីលើ អធិបតេយ្យភាពជាតិ ធ្វើឱ្យប្រព័ន្ធតុលាការអន្តរជាតិក្លាយ ជាឧបករណ៍ជ្រៀតជ្រែករបស់មហាអំណាចទាំងស្រុងតែម្តង៕