(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងដោយក្រើនរំលឹកពីកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ ខណៈការបំផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
គិតត្រឹមរយៈពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសមួយចំនួនបានបំពេញ កាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក និងបញ្ជាក់ជូនថា ចំពោះការខកខាននិងមិនបានដាក់លិខិតប្រកាស និងបង់ ពន្ធលើប្រាក់ចំណូលជូនរដ្ឋបាលសារពើពន្ធបានទាន់ពេលកំណត់ ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ដូចនេះដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្ម រដ្ឋបាលនានាដូចបានរៀបរាប់ខាងលើ សូមមេត្តារួសរាន់បំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់ថា អ្នកជាប់ពន្ធផ្តល់កិច្ចសហការ និងធ្វើការដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលតាមច្បាប់កំណត់ជាធរមាន៕