(សៀងហៃ, ចិន)៖ ក្នុងដំណើរកៀរគរអ្នកវិនិយោគនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សមាគមឧកញ៉ាកម្ពុជា, និងក្រុម​ហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចូលជួប​សម្តែង​​ការគួរសម និងពិភាក្សាការងារ​ជាមួយលោក Gong Zheng អភិ​បាលក្រុងសៀងហៃ។ ជំនួបនេះមានគោលបំណង​ពិភាក្សា​អំពីលទ្ធភាពនៃការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការ​និយោគរវាងប្រទេសទាំងពីរ។

លោកអភិបាលក្រុងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ ដែលបានអញ្ជើញទស្សនកិច្ចនៅទីក្រុងសៀងហៃ។ លោកអភិបាល​ក្រុង បាន​ជម្រាបគណៈប្រតិភូឱ្យបានជ្រាបអំពីវឌ្ឍនភាព​ថ្មីៗនៃការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងហិរញ្ញវត្ថុដ៏ធំប្រចាំប្រទេស, តំបន់, និងសកលលោក។

លោកអភិបាលក្រុង ក៏បានថ្លែងកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែង​រវាង​ថ្នាក់​ដឹកនាំកម្ពុជា-ចិន ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន, ពង្រឹង​ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងរុញច្រានសកម្មភាព​ក្រោមក្រប​ខ័ណ្ឌ​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative – BRT) ឱ្យកាន់តែរីកលូតលាស់ជាលំដាប់។

លោក ក៏បានបង្ហាញជំនឿចិត្តថា ដំណើរបេសកកម្មនាពេលនេះ​នឹងអាច​ទាក់​​ទាញបានវិនិយោគិន និងធុរជន ពីទីក្រុងសៀងហៃឱ្យទៅបណ្តាក់​ទុន​វិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅចូលរួមចំណែកលើកកម្ពស់វិបុល​ភាព​សហគមន៍វាសនារួមកម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ​ចំពោះ​បដិ​សណ្ឋារកិច្ចដ៏រាក់ទាក់ និងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា​ក្នុងការមក​បំពេញ​បេសកកម្មជំរុញ និងទាក់ទាញវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរសម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងបែបផែនជីវិត (Lifestyle) យ៉ាងឆាប់រហ័សរបស់​ទីក្រុង​សៀងហៃ ដែលជាមជ្ឈមណ្ឌលបណ្តុំនូវទំនើបកម្ម, ភាពស៊ីវីល័យ, និង​សហសម័យជំនាន់ថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីបច្ចុប្ប​ន្ន​ភាព​ថ្មីៗនៃការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​ប្រមុខរាជរដ្ឋាភិបាល ជាពិសេសបានគូសរំលេចអំពីគម្រោងវិនិយោគមក​ពី​ប្រទេសចិនដែលឈរនៅលំដាប់លេខរៀងទី១ ដោយបានគ្របដណ្តប់ទុនវិនិ​យោគ​ស្ទើរតែពាក់កណ្តាលនៃទុនវិនិយោគអន្តរជាតិសរុបប្រមាណ ៦,៩ ពាន់​លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងជំនួបនោះលោកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញគណៈប្រតិ​ភូ​រដ្ឋ​បាល​ក្រុង និងតំណាងសហគ្រាសប្រចាំទីក្រុងសៀងហៃ ពិនិត្យឱកាស​ក្នុង​ការ​មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីមកសិក្សា​ស្វែង​យល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ព្រមទាំងពិនិត្យលទ្ធភាពផ្តល់ម៉ោងហោះហើរសមរម្យជូនក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ដើម្បីបង្កលក្ខណៈក្នុងការបង្កើតជើង​ហោះ​ហើរថ្មីបន្ថែម សំដៅលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People–P2P) និងការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) រវាងកម្ពុជានិងសៀងហៃផងដែរ៕