(ព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំពុទ្ធបរិស័ទ ដែលមកពីបណ្ដាខេត្ដជិតឆ្ងាយប្រមាណជិត ៣ពាន់នាក់ ដង្ហែ និងអានគម្ពីរ ព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ក្នុងវត្ដព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្ដពោធិ៍ ៥,០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្ដព្រះវិហារ។
ពិធីដង្ហែ និងអានគម្ពីរ ព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ មានការនិមន្ដរបស់សម្ដេចព្រះសាក្យមុនីកិត្តិបណ្ឌិត រ័ត្ន សាវឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា នៃព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា, ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះមេគណ គណៈធម្មយុត្តិកនិកាយរាជធានីភ្នំពេញ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មានការអញ្ជើញពីលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទ បានដង្ហែព្រះត្រៃបិដកទៅតម្កល់ក្នុងឧបដ្ឋានសាលា បូជាគ្រឿងសក្ការៈថ្វាយព្រះពុទ្ធបដិមានៅក្នុងឧបដ្ឋានសាលា បន្ទាប់មកលោកជំទាវបណ្ឌិត បានអញ្ជើញទស្សនាបណ្ណាល័យព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ រួចមកគណៈអធិបតីបានអញ្ជើញមកកាន់មជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ដើម្បីព្រះសង្ឃស្វាធ្យាជយន្ដោ និងមានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងមានសូត្របទសរភញ្ញ (សង្ខេប) ។
ក្នុងឱកាសនោះ លោក គីម រិទ្ធី អភិបាលខេត្ដព្រះវិហារ បានអានរបាយការណ៍ស្វាគមន៍ ដោយបង្ហាញពីសមិទ្ធផលនានានៅក្នុងព្រះវិហារ ។ជាមួយគ្នានោះលោក គីម រិទ្ធី ក៏បានឱ្យដឹងថា កម្មវិធីដង្ហែ និងអានព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ បានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះមានពុទ្ធបរិស័ទបានចុះឈ្មោះអានព្រះត្រៃបិដក រហូតចប់ រយៈពេល ៤ថ្ងៃ ដែលមានពុទ្ធបរិស័ទ ជ្រះថ្លាថ្វាយខ្លួនដល់ព្រះរតនត្រ័យ ជាឧបាសក ឧបាសិកា រក្សាសីល៥ មានចំនួន ១៥០០នាក់។
សម្រាប់ការដង្ហែ និងអានគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរនាឱកាសនេះ គឺមានសៀវភៅគម្ពីរព្រះត្រៃបិដកសរុបទាំងដង្ហែ និងរក្សាទុកក្នុងបណ្ណាល័យសរុបចំនួន ២៥,០០០គម្ពីរ និងអ្នកចូលរួមដង្ហែប្រមាណជាង ២,៨៧០ អង្គ/នាក់។ លោកបញ្ជាក់ថា ការរៀបចំពិធីដង្ហែ និងអានគម្ពីរព្រះត្រៃបិតកនេះ គឺក្នុងគោលបំណងផ្ដល់ឱកាសឱ្យពុទ្ធបរិស័ទ សិក្សា រៀនសូត្រ និងបដិបត្តិតាម អំពីពុទ្ធិ វិជ្ជា ធម៌វិន័យ និងតម្កល់ទុកជាស្នាដៃមរតក វប្បធម៌ព្រះពុទ្ធសាសនា។
ក្រោយស្ដាប់របាយការណ៍ស្វាគមន៍ របស់លោក គីម រិទ្ធី, លោកជំទាវណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញមានមតិសំណេះសំណាលយ៉ាងកក់ក្ដៅថា «ថ្ងៃនេះមានសេចក្ដីសោមនស្សប្រកបដោយសេចក្ដីជ្រះថា្លដ៏ក្រៃលែង ខ្ញុំព្រះករុណា នាងខ្ញុំ សូមកោតសរសើរព្រះពុទ្ធឃោសានុរ័ក្ខ វិមុត្តិ សៀន គុណលាភ ជាព្រះចៅអធិការវត្ដ និងជាព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើងយ៉ាងអធិអធម»។
ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះរបាយរបស់អភិបាលនៃគណៈអភិបាលខេត្ដព្រះវិហារ ដែលបានលើកឡើងពីភាពរីចម្រើននៃវិស័យព្រះពុទ្ធសាសនា ដែលលោកបានខិតខំប្រឹងប្រែងបន្ដជួយលើកស្ទួយទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ពិធីដង្ហែ និងអានគម្ពីរ ព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជានាថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពរីកចម្រើនក្រោមម្លប់នៃសុខសន្ដិភាព ស្ថេរភាពនយោបាយ បុរេលក្ខខណ្ឌ សម្រាប់ជាឱកាសនៃការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
គោលបំណងនៃការដង្ហែ និងគម្ពីរព្រះត្រៃបិដកនៅក្នុងឱកាសនេះ គឺមិនត្រឹមជាគុណតម្លៃ តែជាតួអង្គជំនួសឲ្យព្រះសម្មាសាមពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែខ្លឹមសារព្រះត្រៃបិដក គឺជាទ្រឹស្ដីប្រៀនប្រដៅ របស់ព្រះសាម្មាសាពុទ្ធ និងព្រះអរន្ដហស្ថ ដែលមានលក្ខណៈជាពុទ្ធបញ្ញាត្ដិផង ជាពុទ្ធានុញ្ញាតផង ជាមាគ៌ាសម្រាប់មនុស្ស សត្វ ដែលឱ្យប្រតិបត្ដិតាម ដើម្បីញុំាងឱ្យក្លាយជាបុគ្គលមានសមត្ថភាព និងគុណធម៌។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត។
លោកជំទាវបណ្ឌិត បានថ្លែងបន្ដថា ទោះបីជាបច្ចុប្បន្ន សង្គមមានអភិវឌ្ឍរីកចម្រើន ទាំងផ្នែកសម្ភារៈ និងបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ក៏ទីវត្ដអារាម នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមបណ្ដុះបណ្ដាលចំណេះ គុណធម៌ និងបំនិនជីវិតរបស់កូនខ្មែរគ្រប់ៗរូប។
លោកជំទាវបណ្ឌិត ក៏បញ្ជាក់ទៀតថា យោងតាមប្រវត្ដិសាស្ដ្រ មានតែប្រទេសកម្ពុជា តែមួយគត់ដែលបានបកប្រែ និងបានបោះពុម្ពព្រះត្រៃបិដក ជាពីរភាសា គឺភាសាបាលី និងភាសាខ្មែរមុនគេបំផុត៕