(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានជាប់ចំណាត់ថ្នាក់លេខ ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។
ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី៥៦ស្ថាប័នធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់បន្ថែមថា ការចូលជាគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១នេះ គឺផ្អែកលើស្នាដៃស្ថាបត្យកម្មដែលមានប្រណីតភាពខ្ពស់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឆារស៍ វ៉ាន់ បានបញ្ជាក់ថា អាកាសយានដ្ឋានតេជោមានទំហំធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានសាងសង់ឡើងយ៉ាងប្រណីត និងគិតគូរគ្រប់ជ្រុងជ្រោយអំពីបរិស្ថានដែលមានលក្ខណៈបៃតង និងមានភាពច្នៃប្រឌិតតូចៗដែលធ្វើឡើងឲ្យមានភាពទាក់ទាញជាពិសេសបានបង្ហាញអំពីវប្បធម៌ខ្មែរតាមរយៈ រូបចម្លាក់ ផ្ទះបុរាណ ភូមិវប្បធម៌ជាដើម។
លើសពីនេះ លោក ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងរៀបចំផ្លាស់ប្ដូរភូមិវប្បធម៌ពីខេត្តសៀមរាប មកដាក់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងគោលបំណងបង្កើតបរិយាកាសល្អសម្រាប់អ្នកដំណើរដែលរង់ចាំ ក៏ដូចជាភ្ញៀវទេសចរអាចចូលលេងកម្សាន្ត និងស្វែងយល់អំពីវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទំនប់ទឹកព័ទ្ធជុំវិញ ដើម្បីការពារការលិចទឹកដែលវិស្វករបានគិតគូរទុកជាមុនរហូតដល់១០០ឆ្នាំ និងមានអាងស្តុកទឹកនៅខាងមុខ ខាងក្រោយព្រលានដែលអាចផ្ទុកទឹកបានរហូតដល់ ៣ម៉ឺនម៉ែត្រគីបក្នុងរយៈពេល១ម៉ោង។ នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា។
គម្រោងស្ថាបត្យកម្មកំពូលៗទាំង ១១ លើពិភពលោក ត្រូវបាន CNN ចាត់ចំណាត់ថ្នាក់និងចុះផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ (១) ផ្សារត្រីស៊ីដនីថ្មី (New Sydney Fish Market) ប្រទេសអូស្រ្តាលី (២) សាលពិព័រណ៍ Grand Ring អូសាកា ប្រទេសជប៉ុន (៣) អគារ Life & Mind របស់សកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស (៤) សាលារៀន Canadian School ប្រទេសម៉ិកស៊ិក (៥) អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ (៦) ស្ថានីយ៍ដឹកជញ្ជូន South Station Redevelopment នៅក្រុងបូស្តុន សហរដ្ឋអាម៉េរិក (៧) មជ្ឈមណ្ឌល Goethe-Institute ប្រទេសសេណេហ្កាល់ (៨) អគារ Urban Glen នៅទីក្រុងហានចូវ ប្រទេសចិន (៩) ស្ថានីយ៍មេត្រូ (Metro) ក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត (១០) មជ្ឈមណ្ឌលពាណិជ្ជកម្ម Skypark ប្រទេសលុចសំបួ (១១) ស្ពានតាន់ជាំង (Danjiang) នៅកោះតៃវ៉ាន់ ប្រទេសចិន៕