(ភ្នំពេញ)៖ ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជីការក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ»។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួម លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយកស្តារសម្បទា តំណាងក្រសួងការងារ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជនពិការ តំណាងអង្គការយូនីសេហ្វ (UNICEF) តំណាងស្ថានទូតប្រទេសស្វីសប្រចាំប្រទេសកម្ពុជា (Switzerland) តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFIBA) តំណាងសមាគមស្បែកជើងកម្ពុជា (CFA) តំណាងរោងចក្រ សហគ្រាស វិស័យឯកជន ប្រមាណចំនួន២០០នាក់។
ក្នុងឱកាសនោះផងដែរ លោកជំលោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច បានផ្តល់អនុសាសន៍គន្លឹះដូចខាងក្រោម៖
១៖ ស្នើសុំគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ អោយកាន់តែមានប្រសិទ្ធភាព។
២៖ ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន មកចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៣៖ គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រាប់អត្រាកំណត់នៃច្បាប់១%។
៤៖ ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិត ដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាម ឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
៤៖ រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប។
៥៖ ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន។
សូមជម្រាបថា សិក្ខាសាលាស្តីពី៖ «កាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជីការក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ» នេះ រៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមានគាំទ្រថវិកាពី គម្រោងការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី៣ (DEY III) របស់ទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) ២០២៤-២០២៨ តាមរយៈមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ៕