(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានលើកឡើងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងកាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

ការលើកឡើងរបស់កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ធ្វើឡើងក្នុងកម្មវិធីដែលរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា សហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ» ដោយមានការចូលរួមពីលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធ សភា, លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងឲ្យដឹងថា សិក្ខាសាលាមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២៥)។ សម្រាប់ការជួបជុំគ្នានៅពេលនេះ ជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពអភិវឌ្ឍន៍ខ្លាំង និងធន់បន្ថែមទៀត ពិសេសសូមកោតសរសើរ ដល់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន រួមទាំងវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង ខេអេចឃ្យូអរ KHQR ក្នុងរយៈកាលកន្លងមក ។

កិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា «ក្នុងនាមរដ្ឋសភានៃកម្ពុជាសូមគាំទ្រទាំងស្រុង ដល់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោ បាយរូបិយវត្ថុដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងយុគសម័យឌីជីថល ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិប តេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង និងពង្រឹងនូវអត្តសញ្ញាណជាតិ និងភាពធន់។
ប្រាក់រៀលបានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។

លោក ឈាង វុន បានគូសបញ្ជាក់ថា «ទិវាប្រាក់រៀលនឹងបន្តជាវេទិកាដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រាក់រៀល និងមានការចូលរួមយ៉ាងផុលផុស ពីគ្រប់ស្ថាប័នក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំងស្លាកតម្លៃ ការទូទាត់ និងការសន្សំ ជាដើម។ រដ្ឋសភាត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងទៀត ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀល»

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា កាលពី៤៥ឆ្នាំមុនប្រាក់រៀលបានត្រូវដាក់ចេញឱ្យចរាចរឡើងវិញ ដើម្បីរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិនិង គាំទ្រដំណើរការស្តារសេដ្ឋកិច្ចជាតិចេញពីបាតដៃទទេ ក្រោយរបបប៉ុលពតដែលបានបំផ្លាញរាល់ខឿនសេដ្ឋកិច្ច និងសង្គមជាតិ ដោយសារការអូសបន្លាយសង្គ្រាមស៊ីវិលជាងបីទស្សវត្សរ៍  ជាពិសេសរបបខ្មែរក្រហមបានបំបាត់ប្រាក់រៀល មិនឱ្យចរាចរទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំង ស្រុង ហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ដុល្លារអាមេរិក មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ ។

លោកស្រីទេសាភិបាល បានលើកឡើងថា «នារយៈពេល២ទស្សវត្សរ៍ចុងក្រោយ ក្រោមដំបូលសុខសន្តិភាពដែលទទួលបានពី នយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភាព យ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា។ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀល និងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល ក្នុងនោះជាលទ្ធផលទំហំប្រាក់រៀល ក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា»៕